សកម្មភាពសភាពាណិជ្ជកម្មកម្ពុជាក្នុងឱកាសអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចផ្លូវការនៅបារាំង ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករា


សភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញពីសកម្មភាព ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។

របាយការណ៍របស់សភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួមកម្មវិធីដូចខាងក្រោម៖

១៖ ពិធីសំណេះសំណាលជាមួយបងប្អូនសហគមន៍ខែ្មររស់នៅទ្វីបអឺរ៉ុប

នារសៀលថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០២៤ អ្នកឧកញ៉ា គិត ម៉េង និងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមពិធីសំណេះសំណាលរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយបងប្អូនសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុប ដែលប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ប្រទេសបារាំង។

២៖ វេទិកាធុរកិច្ចកម្ពុជា-បារាំង

នាព្រឹកថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤ អ្នកឧកញ៉ា គិត ម៉េង បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាអញ្ជើញចូលរួមវេទិកាធុរកិច្ចបារាំង-កម្ពុជា ដែលសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធនិយោជកបារាំង (MEDEF) សភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំងនៅកម្ពុជា និង ទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសបារាំង ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចធិបតីនាយករដ្ឋមន្ត្រី។ គោលបំណងសំខាន់នៃវេទិកានេះ គឺដើម្បីជំរុញវិនិយោគនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេស តភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច។

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងសុន្ទរកថាស្វាគមន៍ និងជម្រាបវិនិយោគិនបារាំងអំពីសក្តានុពលនិងកាលានុវត្តភាពដ៏ទូលំទំលាយរបស់កម្ពុជា និងបានបញ្ជាក់ថា កម្ពុជា ដែលល្បីល្បាញខ្លាំងខាងប្រាសាទបុរាណនិងប្រវត្តិសាស្ត្រដ៏ផូរផង់ ឥឡូវនេះ កំពុងរីកចម្រើនខ្លាំងក្លា។

អ្នកឧកញ៉ាប្រធាន បានជំរុញលើកទឹកចិត្តវិនិយោគិនបារាំង ស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជាលើវិស័យសក្តានុពលសំខាន់ៗរួមមាន៖

ក. ទេសចរណ៍៖ កម្ពុជាមានឆ្នេរដ៏ល្អឯក ទេសភាពដ៏ស្រស់បំព្រង និងកេរ្តិ័ដំណែលវប្បធម៌ដ៏សម្បូរបែប ដែលទាក់ទាញភ្ញៀវទេសចរណ៍ពីជុំវិញពិភពលោក។
ខ. ហេដ្ឋារចនាសម្ព័ន្ធ៖ តំបន់ទីក្រុងរបស់កម្ពុជាដែលកំពុងអភិវឌ្ឍន៍យ៉ាងលឿន ហើយការពង្រីកដ៏ឆាប់រហ័សរបស់សហគមន៍ជនបទ កំពុងត្រូវការវិនិយោគិនលើហេដ្ឋារចនាសម្ព័ន្ធទំនើប។
គ. ថាមពលកកើតឡើងវិញ៖ កម្ពុជាមានលក្ខណៈអំណោយផលសម្បូរទៅដោយពន្លឺព្រះអាទិត្យនិងខ្យល់។
ឃ. បច្ចេកវិទ្យានិងនវានុវត្តន៍៖ យុវជនជំនាន់ក្រោយ ពូកែបច្ចេកវិទ្យា និង ចង់ឈានឆ្ពោះទៅរកយុគឌីជីថល។

៣៖ សភាពាណិជ្ជកម្មកម្ពុជា ចុះអនុស្សរណៈយោគយល់ជាមួយ សម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF)

នារសៀលថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤ដដែល អ្នកឧកញ៉ា គិត ម៉េង បានចុះហត្ថលេខានិងផ្លាស់ប្តូរអនុស្សរណៈយោគយល់ជាមួយ លោក ជាហ្វ្រយ រូ ដឹ បេហ្សូ ( Geoffroy ROUX DE BEZIEUX) ប្រធានសម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន ក្នុងគោលបំណងចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និង ប្រទេសនិយាយភាសាបារាំង ក៏ដូចជាជួយគាំទ្រដល់ធុរកិច្ចប្រទេសនិយាយភាសាបារាំងតាមរយៈការរៀបចំ ជំនួបពាណិជ្ជកម្ម សន្និសីទ សិក្ខាសាលា និងព្រឹត្តិការណ៍ធុរកិច្ចនានា។ ពិធីចុះអនុស្សរណៈយោគយល់នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

៤៖ ចូលរួមជំនួបសម្តែងការគួរសមដោយក្រុមហ៊ុនបារាំង

អ្នកឧកញ៉ា គិត ម៉េង បានចូលរួមអម សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាការងារដោយក្រុមហ៊ុនបារាំងរួមមាន៖

* ក្រុមហ៊ុន VINCI៖ បានបណ្តាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យអាកាសចរណ៍ស៊ីវិលជាង៣០ឆ្នាំមកហើយ។ ក្រុមហ៊ុន បង្ហាញពីគម្រោងក្នុងការវិនិយោគបន្ថែមនៅកម្ពុជា។

* ក្រុមហ៊ុន ACCOR៖ បាននិងកំពុងវិនិយោគក្នុងវិស័យសណ្ឋាគារ ដែលមានសណ្ឋាគារបែបទំនើប និងមធ្យម និងបែប Boutique Hotel ផ្សេងៗទៀត។ ក្រុមហ៊ុន ACCOR មានសុទិដ្ឋិនិយមថាវិស័យទេសចរណ៍នៅកម្ពុជា ឆ្នាំ២០២៤នេះ នឹងរីកចម្រើន និងមានភាពល្អប្រសើរ។

* ក្រុមហ៊ុន Alstom៖ បាននិងកំពុងបណ្ដាក់ទុនវិនិយោគលើវិស័យដឹកជញ្ជូនតាមផ្លូវដែក ការផលិតរថភ្លើងលឿន ដែលមានដូចជា រថភ្លើងលឿនមេត្រូ ម៉ណូរ៉េល (Monorail) និងត្រាម (Trams) នៅបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក។ ក្រុមហ៊ុន Alstom ចាប់អារម្មណ៍លើការវិនិយោគការរៀបចំទីក្រុង និងការតភ្ជាប់ការដឹកជញ្ជូនពីទីប្រជុំជនមួយទៅកាន់តំបន់ផ្សេងៗនៅ
កម្ពុជា។

* ក្រុមហ៊ុន Pou Du Fou៖ កំពុងបណ្តាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេស គម្រោងបង្កើត «Immersive Angkor» ដែលជាសារមន្ទីរនិម្មិតបច្ចេកវិទ្យា 3D ដំបូងគេបង្អស់នៅកម្ពុជា។

* ក្រុមហ៊ុន Orange SA៖ ជាក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេ និងអ្នកផ្តល់សេវាឌីជីថលដែលមានទីស្នាក់ការកណ្តាលនៅប្រទេសបារាំង។ ក្រុមហ៊ុន Orange SA របស់បារាំង បង្ហាញបំណងចង់វិនិយោគលើការអភិវឌ្ឍការតភ្ជាប់ផ្នែកបច្ចេកវិទ្យាកម្ពុជាទៅកាន់បណ្ដាប្រទេសផ្សេងទៀតលើពិភពលោក។

* ក្រុមហ៊ុន EDF៖ ជាក្រុមហ៊ុនបារាំង ផ្នែកការផលិត ការបញ្ជូន និងការផ្គត់ផ្គង់អគ្គិសនី ក៏ដូចជាដំឡើង និងដំណើរការហេដ្ឋារចនាសម្ព័ន្ធសាករថយន្តអគ្គិសនី។ ក្រុមហ៊ុន EDF បង្ហាញបំណងវិនិយោគលើវិស័យថាមពលកកើតឡើងវិញ នៅកម្ពុជា។

* ក្រុមហ៊ុន Total energies៖ ជាក្រុមហ៊ុនផលិតនិងចែកចាយប្រេង ឧស្ម័ន និងថាមពល។ ក្រុមហ៊ុន TotalEnergies បង្ហាញបំណងចង់វិនិយោគលើថាមពលកកើតឡើងវិញនៅកម្ពុជា។

* ក្រុមហ៊ុន Blue Circle៖ ជាក្រុមហ៊ុន មានជំនាញ និងបទពិសោធន៍ក្នុងអាជីវកម្មថាមពលកកើតឡើងវិញ ពិសេសថាមពលដែលដើរដោយកម្លាំងខ្យល់ ហើយកន្លងមកក្រុមហ៊ុន បានធ្លាប់អញ្ជើញមកកាន់តំបន់អាស៊ី រួមទាំងកម្ពុជាផងដែរ។ ក្រុមហ៊ុន Blue Circle ចាប់អារម្មណ៍វិនិយោគលើថាមពលកកើតឡើងវិញ ពិសេសថាមពលដែលដើរដោយកម្លាំងខ្យល់ នៅកម្ពុជា។

* សម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន៖ សម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF) ប្ដេជ្ញាផ្សព្វផ្សាយឱកាសវិនិយោគនៅកម្ពុជាដល់ក្រុមហ៊ុនបារាំង។

៥៖ ជំនួបពិភាក្សាការងារជាមួយសភាពាណិជ្ជកម្មបារាំង

នារសៀលថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤ ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជាតំណាង អ្នកឧកញ៉ា គិត ម៉េង បានជួបពិភាក្សាការងារ ជាមួយសភាពាណិជ្ជកម្មបារាំងតំណាងដោយ លោក ព្យែ ម៉ុងហ្គេ អគ្គនាយករងសភាពាណិជ្ជកម្មបារាំង។ កិច្ចពិភាក្សាផ្តោតជាសំខាន់ទៅលើការជំរុញពាណិជ្ជកម្មនិងវិយោគរវាងប្រទេសទាំងពីរ ជាពិសេសការតភ្ជាប់រវាងធុរកិច្ចនិងធុរកិច្ច។ ភាគីទាំងពីរបានជជែកពិភាក្សាទៅលើវិស័យសក្តានុពលជាច្រើនរួមមាន៖ សុខាភិបាល អប់រំ និង ការកែច្នៃកសិឧស្សាហកម្ម ជាដើម។

៦៖ ពិធីបដិសណ្ឋារកិច្ចផ្លូវការ

នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤ អ្នកឧកញ៉ា គិត ម៉េង និងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការដោយ លោក Stéphane Séjourné រដ្ឋមន្ត្រីកិច្ចការអឺរ៉ុប និងការបរទេស សាធារណរដ្ឋបារាំង៕