ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា អញ្ជើញប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប។

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានលើកឡើងថា ក្រុមការងារចុះមូលដ្ឋានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រ ទាំងបច្ចេកទេស និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ លើការអនុវត្តគោលនយោបាយជាយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារសមធម៌ ឱ្យទទួលបានប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូល ដោយកំណត់អាទិភាពជាគន្លឹះចំនួន៥គឺ៖ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» សំដៅការពារ ថែរក្សា ពូនជ្រំសមិទ្ធផលជាតិ ជម្រុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឱ្យប្រទេសកម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានពាំនាំការសួរសុខទុក្ខពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តនូវគោលនយោបាយបក្សដែលបានដាក់ចេញ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ព្រមទាំងការបង្កើតក្រុមការងារចុះមូលដ្ឋាន ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ។

នាឱកាសនោះក៏បានប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប ដែលមានសមាជិកចុះជួយថ្នាក់ក្រុង និងស្រុក ឃុំ សង្កាត់ផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានណែនាំក្រុមការងារឲ្យរៀបចំសមាសភាពបន្ថែម ដើម្បីចុះដល់មូលដ្ឋានក្រុង ស្រុក និងត្រូវកែសម្រួលសមាសភាពនៅក្រុង ស្រុក ជាអនុប្រធានក្រុមការងារទូទាំងខេត្តសៀមរាប ស្របតាមការចង្អុរបង្ហាញពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ទៀ សីហា បានពន្យល់បញ្ជាក់អំពីតួនាទីភារកិច្ចរបស់ក្រុមការងារចុះមូលដ្ឋានទាំងកម្រិតថ្នាក់ជាតិនិងក្រោមជាតិ របៀបរបបការងារ ព្រមទាំងយន្តការការងារ ដើម្បីឱ្យការអនុវត្តការងារ ទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលពិតប្រាកដ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបន្តថា ក្រុមការងារចុះមូលដ្ឋានត្រូវសហការគ្នាធ្វើជាមួយគ្នាឱ្យបានល្អ មានឆន្ទៈ មានការទទួលខុសត្រូវខ្ពស់ មានភាពម្ចាស់ការ ដែលចាំបាច់នោះត្រូវចុះដល់មូលដ្ឋានតាមផ្ទះប្រជាពលរដ្ឋ ដើម្បីស្តាប់ពីតម្រូវការ បញ្ហាប្រឈមពិតប្រាកដរបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាគិត រួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាពបំផុត ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា ភារកិច្ចរបស់ក្រុមការងារចុះមូលដ្ឋាន គឺចុះជួយដោយស្មារតី ផ្តល់នូវគំនិតកែច្នៃ ហើយក្រុមការងារក៏មិនសម្រេចរាល់កិច្ចការជំនួសអង្គភាពជំនាញនោះដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបញ្ជាក់ថា នេះជាយន្តការបន្ទាប់ ក្រុមការងារមូលដ្ឋានថ្នាក់ក្រោមជាតិត្រូវបង្កើតលេខាធិការដ្ឋានដើម្បីធានាដំណើរប្រព្រឹត្តទៅដោយរលូនរបស់ក្រុមការងារចុះមូលដ្ឋាន ព្រមទាំងសម្រេចចាត់តាំងក្រុមការងារតាមក្រុង ស្រុក ឃុំ សង្កាត់ ភូមិ ដើម្បីប្រសិទ្ធភាពការងារឆ្លើយតបនឹងតម្រូវការ និងបញ្ហារបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ៕