អភិបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំប្រមូលតម្រូវការអាទិភាពរបស់មូលដ្ឋានសម្រាប់ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧)


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំ ស្តីពីការប្រមូលតម្រូវការអាទិភាពរបស់មូលដ្ឋានសម្រាប់ការកសាងកម្មវិធីវិនិយោគ បីឆ្នាំរំកិល (២០២៥-២០២៧) របស់រដ្ឋបាលខេត្ត និងផ្សព្វផ្សាយ សៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦)។

កិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅមន្ទីរផែនការខេត្តកំពង់ចាម ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និង លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និងតំណាងអង្គភាពស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងទៅកាន់អង្គប្រជុំថា កិច្ចប្រជុំនៅថ្ងៃនេះពិតជាមានសារៈសំខាន់ ពីព្រោះបានបង្ហាញពីការអនុវត្តនូវតួនាទី និងភារកិច្ចស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រដ្ឋបាលខេត្ត បានអនុវត្តច្បាប់ គោលនយោបាយរបស់រាជរដ្ឋាភិបាល និងតាមរយៈនៃការខិតខំរួមគ្នាក្នុងការអភិវឌ្ឍដើម្បីធានាបាននូវសន្តិសុខនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុខុមាលភាពសង្គម ហើយជីវភាពប្រជាពលរដ្ឋកាន់តែសម្បូរសប្បាយ និងរីកចម្រើនជាលំដាប់។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងមក រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បី កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយក្នុងនោះមានគោលដៅយុទ្ធសាស្ត្រចំនួន ៥គឺ៖

*ទី១៖ ធានាឱ្យបានកំណើនសេដ្ឋកិច្ចក្នុងអត្រាមធ្យមប្រចាំឆ្នាំរង្វង់ ៥%

*ទី២៖ បង្កើនការងារឱ្យបានកាន់តែច្រើនទាំងបរិមាណ និងគុណភាព

*ទី៣៖ សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រក្នុងអត្រាទាបជាង ១០%

*ទី៤៖ ពង្រឹងសមត្ថភាព អភិបាលកិច្ច និងលើកកម្ពស់គុណភាពសា្ថប័ន

*ទី៥៖ ធានាឱ្យបាននូវចីរភាព នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ៕