រដ្ឋមន្រ្ដីអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តការងាររបស់ គ.ត.វ របស់ក្រសួង


ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តការងាររបស់គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ស្ដារ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតគុណភាពផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ) របស់ក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ។

ការបង្កើតគណកម្មការ​ គ.ត.វ នេះឡើងក្នុងគោលបំណងដើម្បីពង្រឹងលើការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ការជួសជុល និងស្ថាបនាឡើងវិញ ធានាបានចិរភាពក្នុងការប្រើប្រាស់ ពិសេសគឺមានភាពធន់នឹងបំរែបំរួលអាកាសធាតុ។ គណៈកម្មការនេះក៏មានតួនាទីត្រួតពិនិត្យវត្ថុធាតុដើម មុនយកទៅប្រើប្រាស់ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងសំណង់សិល្បការ្យជនបទនានា។

ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាន៍ណែនាំឲ្យគណកម្មការនេះត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លូនឲ្យបានត្រឹមត្រូវ ប្រកបដោយតម្លាភាព សុក្រិត្យភាព និងក្រមសីលធម៌ជាមន្រ្តីនគរបាលយត្តិធម៌ នៅពេលចុះត្រួតពិនិត្យគុណភាពសំណង់ផ្លូវ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន ធានាបានការប្រើប្រាស់យូរអង្វែងក្នុងការជំរុញសេដ្ឋកិច្ចនៅតំបន់ជនបទ ឲ្យមានការឡើងយ៉ាងឆាប់រហ័ស៕