រដ្ឋមន្រ្ដីអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសេចក្ដីព្រាងចុងក្រោយនៃផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិ ឆ្នាំ២០២៤-២០២៨


ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសេចក្ដីព្រាងចុងក្រោយនៃផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិ ឆ្នាំ២០២៤-២០២៨ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយមានការពិភាក្សា និងផ្តល់យោបល់បន្ថែម ដើម្បីផ្តល់ធាតុចូលដ៏មានសារៈសំខាន់ និងគ្រប់ជ្រុងជ្រោយក្នុងការកំណត់ចក្ខុវិស័យ គឺកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល, និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដើម្បីធានាបាននូវកំណើនប្រាក់ចំណូលគ្រួសារនៅជនបទប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង តាមរយៈការដាក់ចេញនូវផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជនបទ ដែលប្រែកម្មវិធីអាទិភាពចំនួន៥។

កម្មវិធីអាទិភាពទាំង៥នេះនឹងចូលរួមអនុវត្តនូវយុទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលមានបាវចនា៥ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមរដ្ឋមន្រ្ដីបានផ្តល់អនុសាសន៍បន្ថែម និងស្នើឲ្យមានការផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិឆ្នាំ២០២៤-២០២៨ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់មន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ក្រោមឱវាទក្រសួង ដើម្បីឱ្យបានដឹងនិងចូលរួមអនុវត្តនូវផែនការ និងបេសកកម្មរបស់ក្រសួងសម្រាប់រយៈពេល៥ឆ្នាំទៅមុខទៀត៕