កម្ពុជាស្នើសុំឱ្យ UN-ESCAP ជួយកៀរគរបណ្តាប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលមិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ឱ្យចូលរួមជារដ្ឋភាគី ខណៈដែលកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះឆ្នាំ២០២៤


ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ និងក្នុងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បានស្នើសុំឱ្យ UN-ESCAP ជួយកៀរគរបណ្តាប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលមិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ឱ្យចូលរួមជារដ្ឋភាគី ខណៈពេលដែលកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំឆ្នាំ២០២៤។

ការស្នើសុំបែបនេះរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រីបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ចនិងសង្គមកិច្ច សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។

ក្នុងកិច្ចជំនួបនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកស្រីបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា និងគណៈប្រតិភូ ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណចំពោះ UN-ESCAP ដែលតែងតែគាំទ្រដល់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងឱ្យចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួច និងសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រយៈពេលជាង ៣០ឆ្នាំ ហើយបានក្លាយជាប្រទេសមួយដែលបានរំដោះផ្ទៃដីមានមីននិងគ្រាប់ច្រើនជាងលើពិភពលោក ក្នុងចំណោមប្រទេស ៣០ ដែលកំពុងធ្វើការបោសសម្អាតមីនដូចកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តថា ឆ្នាំ២០២៥ គឺជាគោលដៅរួមរបស់រដ្ឋាភិបាល ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមគាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជា និងដើម្បីប្រែក្លាយកម្ពុជា ជាប្រទេសគ្មានមីន។

ក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានជម្រាបជូនលោកជំទាវបណ្ឌិតអំពីភាពជោគជ័យរបស់កម្ពុជា ក្នុងទទួលបានការគាំទ្រពីរដ្ឋភាគីអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញា) ធ្វើជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បានស្នើសុំការគាំទ្រពី UN-ESCAP ក្នុងកិច្ចការសាកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា ដោយគាំទ្រដល់កម្ពុជាកៀរគរប្រទេសនានាក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកចូលរួមគាំទ្រ និងចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។

ជាការឆ្លើយតប លោកស្រីបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកបណ្ឌិត លី ធុជ ដែលបានផ្តល់នូវកិច្ចសហការដល់គណៈប្រតិភូ UN-ESCAP ហើយលោកស្រីបានសម្តែងនូវការអរគុណ និងរីករាយចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះលោកស្រី និងគណៈប្រតិភូទាំងអស់ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា។

លោកស្រីបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា បានសម្តែងនូវការអបអរសាទរចំពោះកម្ពុជា ដែលទទួលបានគាំទ្រធ្វើប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤។ បន្ថែមលើនេះ លោកស្រីបណ្ឌិត ក៏បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងគាំទ្រកម្ពុជា៕