សម្តេចតេជោ និងរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ឯកភាពគ្នាពង្រឹងសន្តិសុខ ហើយមិនឱ្យកម្លាំងអមិត្ត យកទឹកដី​ធ្វើសកម្មភាពប្រឆាំងនឹងប្រទេសទាំងពីរនោះឡើយ


សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក តូ ឡឹម សមាជិកកា​រិយា​​ល័យ​នយោបាយ មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និងជារដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានមើលឃើញដូចគ្នាថា ការពង្រឹងសន្តិសុខជាកិច្ចការដ៏សំខាន់រវាងប្រទេសទាំងពីរ ហើយក៏បានប្តេជ្ញា​ប្រឆាំងរាល់កម្លាំងអមិត្តមិនឱ្យយកទឹកដីកម្ពុជា ឬវៀតណាម ប្រឆាំងនឹងការដឹកនាំរដ្ឋាភិបាល​នៃប្រទេស​ទាំងពីរនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្ស​ប្រជាជន​កម្ពុជា បានអនុញ្ញាតឱ្យឧត្តមសេនីយ៍ឯក តូ ឡឹម ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ
នៅវិមាន៧មករា នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ។

សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្ដៅ និងបានវាតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់​លោក តូ ឡឹម នៅកម្ពុជា។ សម្តេចតេជោបានចាត់ទុកទស្សនកិច្ចរបស់ប្រតិភូក្រសួងនគរបាលវៀតណាម នៅកម្ពុជានាពេលនេះ ពិតជាបានរួមចំណែកបន្ថែមទៀត ក្នុងការពង្រឹងទំនាក់ទំនងរវាងគណបក្ស រដ្ឋាភិ​បាល និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត។

សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជា បានសម្តែងការអបអរសាទរចំពោះ លោក តូ លឹម ដែលទទួល​បាន​គ្រឿង​ឥស្សរយសពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

លោក តូ ឡឹម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានឆ្លៀត​ពេល​ដ៏មមាញឹក និងមានតម្លៃអនុញ្ញាតឱ្យប្រតិភូវៀតណាម បានចូលជួបសម្ដែងការគួរសម។

លោក តូ ឡឹម បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ង្វៀន ហ្វូចុង អគ្គលេខាធិការ​បក្សកុម្មុយ​និស្ត​វៀតណាម ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងជូនពរបុណ្យចូលឆ្នាំសកល២០២៤ និងចូលឆ្នាំ​ប្រពៃណី​វៀតណាម ជិតចូលមកដល់នាពេលខាងមុខនេះ។ លោករដ្ឋមន្ត្រីបានអបអរសាទរ និងវាយតម្លៃ​ខ្ពស់ ចំពោះជោគជ័យដ៏ធំធេងរបស់កម្ពុជា ក្នុងការសម្រេចបាន នូវសមិទ្ធផលលើគ្រប់វិស័យ​នាឆ្នាំ​២០​២៣​កន្លងមក ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោជា​អគ្គមគ្គ​ទេស​ក៍ និងជោគជ័យរបស់រាជរដ្ឋាភិបាលបន្តវេនថ្មី ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយក​រដ្ឋមន្ត្រី។

លោក តូ ឡឹម បានអបអរសាទរ ចំពោះជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាពេលកន្លងទៅ និងជោគជ័យនៃការរៀបចំអ្នកបន្តវេនប្រកបដោយភាពរលូន និងសន្តិភាព។ លោក តូ ឡឹម ក៏បានអបអរសាទរដល់គណបក្សប្រជាជនកម្ពុជា ដែលបានរៀបចំមហាសន្និបាតវិសាមញ្ញតំណាង​ទូទាំង​ប្រទេសរបស់ខ្លួនកន្លងទៅ ប្រកបដោយជោគជ័យ និងបានបោះឆ្នោតបំពេញបន្ថែមនូវ​សមាជិក​គណៈ​កម្មាធិការកណ្ដាល សមាជិកគណៈអចិន្ត្រៃយ៍ និងអនុប្រធានគណបក្ស ដែលជាក្បាលម៉ាស៊ីន​ដឹក​នាំ​របស់គណបក្ស។

លោក តូ ឡឹម បានជម្រាបសម្ដេចតេជោផងដែរថា គណបក្សកុម្មុយនិស្តវៀតណាម ក៏ដូចជាប្រជាជន​វៀតណាម គាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេច​តេជោ ហ៊ុន សែន ជាប្រមុខ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាថ្មី ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

លោក តូ ឡឹម បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងគណបក្សទាំងពីរនាពេល​កន្លងមក ហើយលោកបានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងវិស័យសន្តិសុខនៃប្រទេសទាំងពីរ គឺជាសសរ​ស្ដម្ភ​ដ៏រឹងមាំ ដែលត្រូវតែបន្តពង្រឹង និងពង្រីក ឱ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីជាប្រយោជន៍ដល់​ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះការវាយតម្លៃរបស់លោក តូ ឡឹម ចំពោះពាក្យ​ពេចន៍ល្អៗ នៃការរីកចម្រើនរបស់កម្ពុជា។ សម្ដេចតេជោបានជូនពរ និងផ្តាំផ្ញើនូវការសាកសួរសុខ​ទុក្ខ​របស់សម្ដេច ជូនចំពោះថ្នាក់ដឹកនាំកំពូលៗរបស់វៀតណាម មានដូចជា លោក ង្វៀន ហ្វូចុង, លោក វ៉ូ វ៉ាន់ធឿង, លោក ផាម មីងជីញ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីវៀតណាម ដែលនឹងចូលមកដល់​នៅពេល​ខាងមុខនេះ។

សម្ដេចតេជោ ហ៊ុន សែន បានឯកភាពអំពីការរីកចម្រើន នៃទំនាក់ទំនងរវាងគណបក្សទាំង២ ពីមួយថ្ងៃ​ទៅ​មួយ​ថ្ងៃកាន់តែរឹងមាំនិងរីកចម្រើនជាលំដាប់។ សម្ដេចតេជោក៏បានជូនពរដល់ទំនាក់ទំនង​ជាប្រពៃណី​រវាងគណបក្ស រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ កាន់តែរឹងមាំឋិតថេរចេរកាល យូរអង្វែងទៅ​ទៀត។

នៅក្នុងកិច្ចសន្ទនាគ្នានោះដែរ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នា មិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីប្រឆាំងជាមួយនឹងប្រទេសវៀតណាម ឬក៏ប្រឆាំងនឹងប្រទេសកម្ពុជា​នោះ​ឡើយ៕