រដ្ឋបាលខេត្តកំពង់ចាម បើកវគ្គបណ្តុះបណ្តាលឡើងវិញដល់គ្រូបង្គោលពីការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ឆ្នាំ២០២៤


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលឡើងវិញដល់គ្រូបង្គោលថ្នាក់ខេត្ត និងស្រុកគោលដៅស្ដីពី ការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ឆ្នាំ២០២៤។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងសំខាន់នៃការអនុវត្គគណនេយ្យភាពសង្គម គឺជាការផ្ដោតសំខាន់ទៅលើការអនុវត្តផ្តល់សេវាទាំង៣វិស័យ គឺរដ្ឋបាលឃុំ-សង្កាត់ មណ្ឌលសុខភាព និងវិស័យអប់រំសម្រាប់ថ្នាក់បឋមសិក្សា ដែលត្រូវធ្វើយ៉ាងណា ដើម្បីឱ្យប្រសើរឡើងនូវគុណភាព និងការឆ្លើយតបនៃការផ្តល់សេវាសាធារណៈ តាមរយៈការពង្រឹង និងធ្វើឱ្យក្លាយជាប្រព័ន្ធនៃតម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងដំណើរការកសាងផែនការ និងការផ្តល់សេវានានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្តម អ៊ុន ចាន់ដា បានបន្តថា ដើម្បីឱ្យដំណើរអនុវត្តទៅបានល្អ និងរលូនយើងត្រូវកំណត់សកម្មភាពឱ្យបានច្បាស់លាស់ផ្អែកលើសមាសភាគចំនួន៥ ក្នុងការអនុវត្តគម្រោងគណនេយ្យភាពសង្គមនេះដោយ៖

*ទី១៖ តម្លាភាព និងភាពងាយទទួលបានព័ត៌មាន គឺពង្រឹងតម្លាភាពនៃការធ្វើសេចក្ដីសម្រេចចិត្ត ការបំពេញការងារទាំងសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធ្វើការផ្សព្វផ្សាយព័ត៌មាន ជូនប្រជាពលរដ្ឋពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈដូចជាការបែងចែក និងការប្រើប្រាស់ថវិកា

*ទី២៖ ការត្រួតពិនិត្យតាមដានដោយប្រជាពលរដ្ឋ គឺពង្រឹងយន្តការអភិវឌ្ឍសមត្ថភាពប្រជាពលរដ្ឋ ដើម្បីផ្តល់មតិយោបល់លើគុណភាពការផ្តល់សេវាសាធារណៈរបស់អង្គភាពផ្តល់សេវា នៅថ្នាក់ឃុំ-សង្កាត់ និងថ្នាក់ក្រុង-ស្រុក
*ទី៣៖ ការអនុវត្តផែនការសកម្មភាពរួមស្តីពីការងារគណនេយ្យភាពសង្គម គឺការទទួល និងឆ្លើយតបរបស់រដ្ឋបាលថ្នាក់ក្រោមជាតិទៅលើមតិយោបល់ និងតម្រូវការរបស់ប្រជាពលរដ្ឋ
*ទី៤៖ ការអភិវឌ្ឍសមត្ថភាព គឺពង្រឹងប្រព័ន្ធគណនេយ្យភាពសង្គមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពផ្តល់សេវាតាមរយៈការអភិវឌ្ឍសមត្ថភាពនៃផែនការអនុវត្តការងារគណនេយ្យភាពសង្គមពាក់ព័ន្ធនឹងតម្លាភាព ភាពងាយទទួលបានព័ត៌មាន, ការបំពេញការងារ, ថវិកា និងការចូលរួមដោយប្រជាពលរដ្ឋក្នុងការតាមដានការបំពេញការងាររបស់អង្គភាពផ្តល់សេវា
*ទី៥៖ ការសម្របសម្រួលគាំទ្រថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺត្រូវផ្ដល់ការគាំទ្រ ការសម្របសម្រួល និងការគ្រប់គ្រងសកម្មភាពនានា របស់គម្រោង។

ឯកឧត្តមអភិបាលខេត្ត បានរំលឹកថា ផ្តើមចេញពីបទពិសោធន៍ នៃការអនុវត្តគម្រោងគណនេយ្យភាពសង្គមចាប់តាំងពីឆ្នាំ២០១៩ កន្លងមកទទួលបានលទ្ធផល នៃការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់ គឺប្រជាពលរដ្ឋកាន់តែមានការយល់ដឹង ហើយមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋានបានល្អច្រើន ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏កាន់តែមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ហើយនិងបានផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អប្រសើរ ជាមួយអង្គការសង្គមស៊ីវិល ដៃគូនានា ពិសេស រវាងប្រជាពលរដ្ឋ និងរដ្ឋបាលថ្នាក់មូលដ្ឋាន ដែលជាមធ្យោបាយមួយ បានធ្វើឱ្យមានភាពបន្សុីគ្នា រវាងគោលការណ៍ នៃអភិបាលកិច្ច ក្នុងកំណែទម្រង់របស់រាជរដ្ឋាភិបាល។

ឯកឧត្តមអភិបាលខេត្តបានយកឱកាសនោះផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ សូមចូលរួមឱ្យបានទៀងទាត់ ហើយនៅរៀនឱ្យបានពេញលេញក្នុងរយៈពេលទាំង ២ថ្ងៃ និងត្រូវយកចិត្តទុកដាក់ និងចូលរួមឱ្យបានផុលផុសក្នុងការផ្លាស់ប្តូរបទពិសោធន៍គា្ន ពីព្រោះការមកទទួលការបណ្តុះបណ្តាលនាពេលនេះ គឺទាំងអស់គ្នា សុទ្ធតែគ្រូបង្គោល ដែលត្រូវយកចំណេះដឹងនេះទៅធ្វើការបណ្តុះបណ្តាលបន្ត ពិសេស គឺយកទៅអនុវត្តផ្ទាល់លើការងារនេះតែម្ដង៕