សម្តេចតេជោ ហ៊ុន​ សែន​៖ កម្ពុជាប្តេជ្ញាបន្តពង្រឹងថែមទៀត នូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៉ី ជាពិសេសអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ផែនការសកម្មភាពគ្រប់ជ្រុងជ្រោយ


សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអះអាងថា ក្នុងនាមជាប្រទេសសម្របសម្រួលដៃគូ ភាពជាដៃគូអាស៊ាន-រុស្ស៉ី កម្ពុជាប្តេជ្ញាបន្តពង្រឹងថែមទៀត នូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ អាស៊ាន-រុស្ស៉ី ជាពិសេសអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ផែនការសកម្មភាពគ្រប់ជ្រុងជ្រោយ។

ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាតុមូលអន្តរគណបក្ស ក្រោមប្រធានបទ ​«តួនាទីគណបក្សនយោបាយរុស្ស៉ី និងបណ្ដាប្រទេសអាស៊ាន ក្នុងការបង្កើតសណ្ដាប់ធ្នាប់ពិភពលោកថ្មីប្រកបដោយយុត្តិធម៌» តាមប្រព័ន្ធវីដេអូ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ។ កិច្ចពិភាក្សានេះ មានការចូលរួមពីមេដឹកនាំគណបក្សកាន់អំណាចរុស្ស៉ី និងមេដឹកនាំបណ្តាអាស៊ានមួយចំនួន ដូចជាកម្ពុជា ថៃ ម៉ាឡេស៊ី វៀតណាម ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ជាដើម។

សម្តេចតេជោ បានបញ្ជាក់ថា ប្រវត្តិសាស្ត្របានបង្រៀនយើងច្រើនលើកច្រើនសារហើយថា ការជ្រៀតជ្រែក ហើយអាក្រក់ជាងនេះ គឺការប្រើប្រាស់មធ្យោបាយយោធា ​ដើម្បីចាប់បង្ខំឱ្យទទួលយកប្រព័ន្ធអភិបាលកិច្ចណាមួយនោះ មិនមែនជាដំណោះស្រាយល្អនោះទេ។ កម្ពុជាធ្លាប់រងគ្រោះដោយសោកនាដកម្មនេះរួចហើយ ទង្វើទាំងនេះ គឺផ្ទុយនឹង អ្វីដែលប្រទេសមួយចំនួនតែងតែទាមទារឱ្​យប្រកាន់ខ្ជាប់​នូវសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ព្រោះថាទង្វើទាំងអស់នេះ គឺជាការបំពានយ៉ាងច្បាស់ក្រឡែតទៅលើគោលការណ៍គ្រឹះ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ គឺអធិបតេយ្យ និងសិទ្ធិស្វ័យសម្រេចរបស់ប្រជាជាតិនានាទោះធំក្តីតូចក្តី។

«ក្នុងនាមជាប្រទេសសម្របសម្រួលដៃគូ ភាពជាដៃគូអាស៊ាន-រុស្ស៉ី កម្ពុជាប្តេជ្ញាបន្តពង្រឹងថែមទៀត នូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ អាស៊ាន-រុស្ស៉ី ជាពិសេសអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ផែនការសកម្មភាពគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៉ី ២០២១-២០២៥»។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ។

សម្តេចបានបន្តថា ជាក់ស្តែងកម្ពុជាបានធ្វើការយ៉ាងស្អិតរមួតជាមួយប្រទេសអាស៊ានដទៃទៀត និងរុស្ស៉ី សម្រេចបាននូវសកម្មភាពអាទិភាពជាច្រើន ដែលចូលរួមអបអរសាទរ ខួប៥ឆ្នាំ នៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៉ី នៅក្រោមភាពជាប្រធានអាស៊ានរបស់ឥណ្ឌូនេស៊ី កាលពីឆ្នាំមុន៕