សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ពីកំណែទម្រង់៣ សម្រាប់កងទ័ពកម្ពុជា ដើម្បីពង្រឹងសមត្ថភាព ស្មារតីជាតិនិយម លើកកម្ពស់កិត្យានុភាពជាតិ


(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងនូវកំណែទម្រង់សំខាន់ៗ៣ចំណុចសម្រាប់កងទ័ពកម្ពុជា ដើម្បីពង្រឹងសមត្ថភាពកងកម្លាំង ស្មារតីជាតិនិយម លើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ។

ការថ្លែងបែបនេះក្នុងពិធីពិធីអបអរសាទរ​ខួប២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤) នៅទីបញ្ជាការដ្ឋាន​កងទ័ព​ជើង​គោក នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។

នាឱកាសនោះ សម្ដេចធិបតីបានឱ្យដឹងថា រាជរដ្ឋាភិបាលនីតិកាលថ្មីដាក់ចេញកំណែទម្រង់ជាច្រើនដើម្បីពង្រឹងសមត្ថភាពកងទ័ព។ ការកែទម្រង់កងកម្លាំងប្រដាប់អាវុធកម្ពុជាទៅជាកងកម្លាំងទំនើបមានសមត្ថភាព ធានាបាននូវភាពម្ចាស់ការក្នុងការការពារអធិបតេយ្យភាព សុខសន្តិភាព ឯករាជ្យភាពរបស់ជាតិ និងធានាបាននូវការអភិវឌ្ឍប្រទេសជាតិ។

សម្ដេចបានបន្តថា កំណែទម្រង់កងទ័ពត្រូវផ្អែកលើមូលដ្ឋាននៃស្មារតីជាតិនិយម ការពារជាតិ សាសនា ព្រះមហាក្សត្រ និងថែរក្សាសុខសន្តិភាព និងស្ថិរភាពឱ្យបានជាដាច់ខាតជូនជាតិនិងប្រជាជន។ នេះគឺជាស្មារតីដែលយើង ត្រូវប្រកាន់ខ្ជាប់គ្រប់ដំណាក់កាលទាំងអស់ កុំឱ្យបែកបាក់ទៅវិញ។

សម្ដេចធិបតីបានបន្តទៀតថា ក្រៅពីពង្រឹងស្មារតី គឺត្រូវពង្រឹងសមត្ថភាពកងទ័ពរបស់ជាតិ ដើម្បីធានាជោគជ័យគ្រប់ភារកិច្ចជូនជាតិមាតុភូមិគ្រប់មុខជំនាញនៃកងទ័ពរបស់យើង បានន័យថា ពង្រឹងសមត្ថភាព ឯករាជ្យ ម្ចាស់ការលើគ្រប់វិស័យទាំងអស់របស់កងទ័ព នេះគឺការកែទម្រង់ផ្អែកលើស្មារតីជាតិនិយម។

ម្យ៉ាងវិញទៀត កងទ័ពក៏ត្រូវបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយកងទ័ពនៃប្រទេសជាមិត្តទ្វេភាគី និងពហុភាគី ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់កិត្យាននុភាព នៃកងទ័ពនៅលើឆាកអន្តរជាតិ។

ដូច្នេះស្មារតីទាំង៣នេះជាមូលដ្ឋាន ជាទិសដៅនៃការធ្វើកំណែទម្រង់កងទ័ព ដែលសម្ដេចធិបតីហៅថា «ស្មារតីជាតិនិយម» នោះឯង៕