សមាជិកព្រឹទ្ធសភា៖ សមាជិកក្រុមប្រឹក្សាសង្កាត់ទាំងអស់ ត្រូវតែថែទាំសុខភាព-សុវត្ថិភាពឲ្យបានល្អ ត្រៀមចូលរួមបោះឆ្នោត នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤


(កំពង់ធំ)៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាអនុប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្តកំពង់ធំ បានលើកឡើងថា សមាជិក សមាជិកា ចៅសង្កាត់ទាំងអស់ ដែលជាអង្គបោះឆ្នោត ត្រូវថែទាំសុខភាព សុវត្ថិភាពឲ្យបានល្អ ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា និងប្រធានព្រឹទ្ធសភានីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤

លោកជំទាវ បានថ្លែងដូចនេះ ក្នុងពិធីសំណេះសំណាលជាមួយ សមាជិក សមាជិកាចៅសង្កាត់ទាំង៨ នៅក្រុងស្ទឹងសែន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សក្រុង។

អ្វីដែលលោកជំទាវ ឃួន ឃុនឌី ទទួលបានការគាំទ្រ និងទុកចិត្តពីថ្នាក់ដឹកនាំ គឺការលះបង់ កម្លាំងកាយ កម្លាំងចិត្ត ពេលវេលាជូនបងប្អូនប្រជាពលរដ្ឋ ការស្រឡាញ់យុត្តិធម៌ តស៊ូគ្រប់
ការលំបាកជាមួយបងប្អូនមាន «យើងនៅជាមួយគាត់ មិនរត់ចោលពួកគាត់»

លោកជំទាវ ពិតជាមានមោទនភាពខ្លាំងណាស់ ដែលថ្នាក់ដឹកនាំបានជ្រើសតាំងលោកស្រី ជាសមាជិកព្រឹទ្ធសភាឈរឈ្មោះបោះឆ្នោត នៅក្នុងអាណត្តិទី៥ នៅលេខរៀងទី៣ ហើយសម្ដេចតេជោសែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ឈរឈ្មោះជាប្រធានព្រឹទ្ធសភា។

ដូចនេះសមាជិកក្រុមប្រឹក្សាចៅសង្កាត់ទាំងអស់ដែលជាអង្គបោះឆ្នោតត្រូវតែគាំទ្រសម្ដេច គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នឹងមិនត្រូវឲ្យសន្លឹកឆ្នោតណាមួយ ក្លាយជាសន្លឹកឆ្នោតឥតបានការជាដាច់ខាត ចំណុចនេះអង្គបោះឆ្នោតទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន នឹងរឹងមាំ ព្រមទាំងថែរក្សាសុខភាពសុវត្ថិភាពឲ្យបានល្អ ចូលរួមបោះឆ្នោតនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលនឹងចូលមកដល់នាពេលខាងមុខនេះ។

លោកជំទាវ សង្ឃឹម និងជឿជាក់ថា លោកពូអ្នកមីងទាំងអស់នៅតែបន្តគាំទ្រឥតងាករេ នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សស្ថាបនិកតែមួយគត់សម្រាប់ប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា នៅចុងបញ្ចប់នៃកម្មវិធីលោកស្រី បានចែកជូនដល់សមាជិកសមាជិកាចៅសង្កាត់ចំនួន៥០នាក់ ដោយម្នាក់ៗទទួលបានក្រម៉ា១ និងថវិកាមួយចំនួនផងដែរ៕