រដ្ឋមន្រ្ដីអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ និងលើកទិសដៅបន្តរបស់ក្រសួង


(ភ្នំពេញ)៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធការងារប្រចាំខែ និងលើកទិសដៅបន្តរបស់ខ្លួន ជាមួយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក មន្ត្រីតាមបណ្តានាយកដ្ឋាន និងបណ្តាមន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥រាជធានី-ខេត្ត តាមរយៈប្រព័ន្ធនិម្មិត (Zoom Meeting) ផងដែរ។

ក្រោយពីស្តាប់ការអានសេចក្តីព្រាងរបាយការណ៍ ដោយលោកអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុរួចមក ឯកឧត្តមរដ្ឋមន្ត្រីបានដឹកនាំកិច្ចប្រជុំពិភាក្សា ដោយទទួលបានធាតុចូលជាច្រើនពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស ដើម្បីធ្វើឱ្យរបាយការណ៍មានភាពកាន់តែគ្រប់ជ្រុងជ្រោយ និងសុក្រិតភាព។

ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ជាអនុសាសន៍បន្ថែមក្នុងការបន្តអនុវត្តការងាររបស់នាយកដ្ឋានជំនាញទៅតាមអាទិភាពទាំង៤ ដើម្បីសម្រេចឱ្យបាននៅទិសដៅរបស់ខ្លួន។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពចំណុះទីស្ដីការក្រសួង និងមន្ត្រីរាជការទាំងអស់ ដែលបានខិតខំបំពេញការងារនាពេលកន្លងមកបានយ៉ាងល្អ និងសកម្ម ដែលធ្វើឱ្យក្រសួងសម្រេចបានសមិទ្ធផល និងស្នាដៃជាច្រើន ជាពិសេសនៅអាណត្តិថ្មីនេះ។

ឯកឧត្តមបានបន្ថែមទៀតថា យោងតាមសមិទ្ធផលដែលមានស្រាប់ យើងត្រូវខិតខំបង្កើនស្នាដៃបន្ថែមទៀតជូនជាតិ និងរាជរដ្ឋាភិបាលកម្ពុជា៕