មន្ត្រីជាន់ខ្ពស់ គ.ជ.ប៖ ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារបក្សនយោបាយនឹងចាប់ផ្តើមនៅថ្ងៃទី២៧ ខែមករា និងបញ្ចប់នៅថ្ងៃទី២ ខែកុម្ភៈ, បក្សនយោបាយសិទ្ធិដាក់ភ្នាក់ងារ២រូប ដើម្បីសង្កេតមើលការបោះឆ្នោត


លោក ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប បានឱ្យដឹងថា គណបក្សនយោបាយ ដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា ត្រូវដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងាររបស់ខ្លួន ទៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ក្នុងរយៈពេលយ៉ាងយូរ៧ ថ្ងៃបន្ទាប់ពីកាលបរិច្ឆេទនៃការបិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតផ្លូវការ។

លោក ហ៊ែល សារ៉ាត់ បានថ្លែងថា បញ្ជីរាយនាមគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតផ្លូវការ គ.ជ.ប បិទផ្សាយជាសាធារណៈ នៅតាមរាជធានី ខេត្តទាំង២៥ ចាប់ពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ ដូច្នេះកាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបានឹងត្រូវចាប់ផ្តើមនៅថ្ងៃទី២៧ ខែមករា និងបញ្ចប់នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងឱកាសបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ ក្រោមប្រធានបទ ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសម្រាប់សង្កេតមើលតាមការិយាល័យបោះឆ្នោត, ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត,បច្ចុប្បន្នភាពចំនួនអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងអ្នកសារព័ត៌មានជាតិ- អន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤, លោកបានគណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មានសិទ្ធិចាត់តាំងភ្នាក់ងាររបស់ខ្លួន២រូប គឺភ្នាក់ងារពេញសិទ្ធិ១រូប និងភ្នាក់ងារបម្រុង១រូប ដើម្បីសង្កេតមើលការបោះឆ្នោត និងរាប់សន្លឹកឆ្នោត នៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗនៅតាមរាជធានី ខេត្តនៃភូមិភាគដែលខ្លួនឈរឈ្មោះបោះឆ្នោត ។

នាឱកាសនោះដែរ លោក ហ៊ែល សារ៉ាត់ បានបន្ថែមថា សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ គ.ជ.ប បានបញ្ចប់ជាស្ថាពរនូវដំណាក់កាលចុះឈ្មោះអ្នកបោះឆ្នោត និងការចុះបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត។ ក៏បានបញ្ចប់ផងដែរ នូវការចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយនៅលើសន្លឹកឆ្នោត ហើយត្រៀមអនុវត្តការងារជាបន្តបន្ទាប់តាមប្រតិទិនបោះឆ្នោតដែល គ.ជ.ប បានដាក់ចេញ។

មន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនេះ បានបញ្ជាក់ថា បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អភិបាល អភិបាលរងនៃគណៈអភិបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មេភូមិ ជំនួយការមេភូមិ និងកម្លាំងប្រដាប់អាវុធមិនត្រូវបានអនុញ្ញាតឱ្យធ្វើជាភ្នាក់ងារគណបក្សនយោបាយដើម្បីសង្កេតមើលដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតឡើយ។

បន្ថែមពីនេះ សម្រាប់ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ (ទ.១០០៧) ត្រូវធ្វើជា ៣ច្បាប់តាមគំរូទម្រង់ដែលកំណត់ដោយ គ.ជ.ប។ គណបក្សនយោបាយអាចទទួល ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយពីគ.ជ.ប ដែលមានចែកជូនដោយឥតគិតថ្លៃ ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប ( (http://www.nec.gov.kh/)www.n ec. gov.kh (http://www.nec.gov.kh/))។ (http://www.nec.gov.kh/)។

ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ (ទ.១០០៧) ត្រូវចុះហត្ថលេខាដោយប្រធាន ឬតំណាងគណបក្សនយោបាយ ដែលទទួលបានការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរពីប្រធានគគបក្សនយោបាយ។ ការផ្ទេរសិទ្ធិនេះមិនអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្តឡើយលើកលែងតែក្នុងលិខិតផ្ទេរសិទ្ធិនោះមានខ្លឹមសារអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្ត៕