រសៀលនេះ រដ្ឋមន្ដ្រី ហ៊ុន ម៉ានី ធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធការប្រឡងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា ឆ្នាំ២០២៣


ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងប្រធានគណៈកម្មការរៀបចំប្រឡងប្រជែងជ្រើសរើសមន្ដ្រីរាជការឲ្យចូលបម្រើការងារក្នុងក្របខណ្ឌគ្រូបង្រៀន នៃក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំសន្និសីទសារព័ត៌មានមួយ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា ឆ្នាំ២០២៣ ឲ្យចូលបម្រើការងារ។

ដំណើរការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡាជំនាន់ទី៣១ បានបញ្ចប់ការទទួលពាក្យ និងចេញសេចក្តីសម្រេចទទួលស្គាល់បេក្ខភាពជាផ្លូវការ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤កន្លងទៅនេះ។

ការរៀបចំសន្និសីទសារព័ត៌មាននេះ ក្នុងគោលបំណងដើម្បីផ្ដល់វឌ្ឍនភាពព័ត៌មានអំពីដំណើរការរៀបចំ និងនិតិវិធី ឆ្ពោះទៅកាន់ការប្រឡងជ្រើស រើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ជូនបេក្ខជន និងសាធារណជន។

ការប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា ឆ្នាំ២០២៣ ឲ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា នឹងត្រូវប្រព្រឹត្តទៅ ក្រោមប្រភេទវិញ្ញាសាចំនួន២គឺប្រភេទវិញ្ញាសាសរសេរ និងប្រភេទវិញ្ញាសាអនុវត្តន៍កីឡា។ សម្រាប់ប្រភេទវិញ្ញាសាអនុវត្តន៍កីឡា នឹងត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ និងថ្ងៃបន្តបន្ទាប់ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។

ប្រភេទវិញ្ញាសាអនុវត្តន៍កីឡាមាន ៣វិញ្ញាសា ដូចខាងក្រោម៖

*១៖ អនុវត្តវិញ្ញាសាចោលដុំដែក ទម្ងន់៥គីឡូក្រាម សម្រាប់បុរស និងទម្ងន់៣គីឡូក្រាម សម្រាប់នារី
*២៖ អនុវត្តវិញ្ញាសាលោតចម្ងាយ បុរស-នារី
*៣៖ អនុវត្តវិញ្ញាសារត់ល្បឿន ១០០ម៉ែត្រ សម្រាប់បុរស និង៨០ម៉ែត្រ សម្រាប់នារី៕