ក្រសួងវប្បធម៌ ស្នើសុំសហប្រធាន ICC-Preah Vihear និងតំណាងអង្គការយូណេស្កូនៅភ្នំពេញ ចាត់វិធានការជាបន្ទាន់ ដើម្បីការពារប្រាសាទព្រះវិហារ


លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ បានស្នើសុំសហប្រធាន ICC-Preah Vihear និងតំណាងអង្គការយូណេស្កូ ប្រចាំភ្នំពេញ ចាត់វិធានការជាបន្ទាន់ ដើម្បីការពារប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក ពីសកម្មភាព របស់យោធាថៃនិងស្នើសុំអង្គការយូណេស្កូប្រើប្រាស់យន្តការដែលមានស្រាប់ ជាពិសេសស្ថាប័នពិគ្រោះយោបល់នានា របស់អង្គការនេះ សិក្សាវាយតម្លៃផលប៉ះពាល់ក្នុងទិសដៅបញ្ចូលរបាយការណ៍នេះទៅក្នុងកិច្ចពិភាក្សារបស់គណៈ កម្មាធិការបេតិកភណ្ឌពិភពលោកនាពេលខាងមុខ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ ដែលបណ្តាញព័ត៌មាន Fresh news ទទួលបាននៅថ្ងៃទី២៥ ខែកក្កដា ឆ្នា២០២៥នេះ។

​​​ នាព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានអញ្ជើញតំណាងស្ថានទូតនៃសាធារណរដ្ឋឥណ្ឌា តំណាងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាសហប្រធាន នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារនិងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ (ICC-Preah Vihear) និងលោកប្រធានតំណាងការិយាល័យអង្គការយូណេស្កូប្រចាំភ្នំពេញ ដើម្បីជម្រាបជូនអំពី ស្ថានភាពខូចខាតប្រាសាទព្រះវិហារ និងតំបន់ជុំវិញបង្កឡើងដោយសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ តាមរយៈ ការប្រើប្រាស់កាំភ្លើងផ្លោងធុនធ្ងន់ និងការទម្លាក់គ្រាប់បែកដោយយន្តហោះ F-16 ។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិតសភាចារ្យ បានបង្ហាញពីការព្រួយបារម្ភអំពីផលវិបាក ចេញពីការប៉ះទង្គិច ដោយប្រដាប់អាវុធ ដែលកំពុងបង្កការខូចខាតជាក់ស្តែងដែលមាននៅតាមគោបុរៈទី១ ទី២ ទី៣ និងទី៥ តំបន់ រចនាសម្ព័ន្ធផ្ទាល់របស់ប្រាសាទ ខណៈដែលប្រាសាទព្រះវិហារស្ថិតក្រោមការការពាររបស់អនុសញ្ញាអន្តរជាតិនានា ស្តីពីកិច្ចការការពារបេតិកភណ្ឌ ជាពិសេសអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤៕

នេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌៖