ឯកឧត្តម សុខ សូកេន ណែនាំឱ្យសមាជិកបក្សក្រសួងទេសចរណ៍បន្តជួយជំរុញកម្ពុជា ឱ្យក្លាយជាគោលដៅទេសចរណ៍សកលឈានមុខ


ឯកឧត្តម សុខ សូកេន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍ បានណែនាំឱ្យថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍ បន្តពង្រឹងជំរុញកម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍សកលឈានមុខ ប្រកបដោយភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន។

ការណែនាំនេះធ្វើឡើងក្នុងឱកាស ឯកឧត្តម សុខ សូកេន ជួបសំណេះសំណាលជាមួយអនុប្រធានគណៈកម្មាធិការបក្សក្រសួង សមាជិកអចិន្ត្រៃយ៍ សមាជិកនៃគណៈកម្មាធិការបក្សក្រសួង និងសមាជិកគណបក្សប្រជាជនចំណុះក្រសួងទេសចរណ៍ សរុបជាង៥០០នាក់ នាថ្ងៃទី២២៨ ខែមករា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម បានលើកឡើងអំពីគុណតម្លៃនៃនយោបាយឈ្នះ ឈ្នះ និងអគ្គមគ្គទេសក៍ដ៏ឆ្នើម គឺសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកសាងបាននូវសន្តិភាពដ៏ពេញលេញជូនជាតិមាតុភូមិ និងបានរំលេចផងដែរនូវការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឱ្យកម្ពុជាបន្តឈរលើមាគ៌ាដ៏ត្រឹមត្រូវ និងបន្តរក្សាបាននូវសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ។

ឯកឧត្តម បានណែនាំឱ្យសមាជិក សមាជិកាគណបក្សក្រសួងទេសចរណ៍ទាំងអស់បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនទំនាក់ទំនងអន្តរក្រសួង-ស្ថាប័ននិងជាមួយវិស័យឯកជន ទាញយកការគាំទ្រពីប្រជាជន និងបន្តពង្រីកទំនាក់ទំនងអន្តរជាតិតាមរយៈវិស័យទេសចរណ៍ ដើម្បីជំរុញកម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍សកលឈានមុខប្រកបដោយភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន។

ឯកឧត្តម ក៏បានចែករំលែកអំពីសភាពការណ៍សកលលោក ដែលបាននិងកំពុងវិវត្តប្រែប្រួល បណ្តាលមកពីការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ កាន់តែស្រួចស្រាលរវាងប្រទេសមហាអំណាចធំនានា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានរំលឹកអំពីលទ្ធផលនៃសេចក្ដីសម្រេចចិត្តរបស់ «មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា» ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៣៕