ព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៧នេះ លោកម៉ននី បណ្ឌិត អភិបាល នៃគណៈអភិបាលស្រុកស៊ីធរកណ្តាល បានអញ្ចើញចូលរួមជាគណៈអធិបតី ក្នុងពិធីប្រគល់ និងទទួល អាគារមណ្ឌលសុខភាព ឃុំល្វេ ដែលជាអំណោយឧបត្ថម្ភ របស់អង្គការភូមិសន្តិភាពអរន្តជាតិ ប្រទេសអាឡឺម៉ង់ និង ដោយមានការអញ្ចើញចូលរួមពី លោកអភិបាលរងស្រុក, តំណាង អង្គការភូមិសន្តិភាពអរន្តជាតិ ប្រទេសអាឡឺម៉ង់, ប្រធានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិ និងសហការី, ប្រធានមណ្ឌលសុខភាពទាំង១១ ក្នុងស្រុកស៊ីធរកណ្ដាល, អាជ្ញាធរឃុំ ប្រធានភូមិទាំងអស់ ក្នុងឃុំល្វេ ។
លោកម៉ននី បណ្ឌិត បានបញ្ជាក់ថា នេះជាអាគារទី០៤ ហើយដែលអង្គការភូមិសន្តិភាពអរន្តជាតិ ប្រទេសអាឡឺម៉ង់ បានផ្ដល់ជូនស្រុកស៊ីធរកណ្ដាល តាមរយៈការសាងសង់មណ្ឌលសុខភាព តាមបណ្តាលឃុំ ៤រួចទៅហើយហើយបន្ថែមពីនេះ អង្គការភូមិសន្តិភាពអរន្តជាតិ ប្រទេសអាឡឺម៉ង់ បានបំពាក់នៅគ្រឿង សំភារៈពេទ្យមួយចំនួនទៀត ដើម្បីសំរួលដាក់បងប្អូន អ៊ុំពូមីងដែលមករកសេវាសុខាភិបាល នៅឃុំល្វេ ស្រុកសីុធរកណ្តាលនេះ ។
ជាមួយគ្នានេះ យើងឃើញថា ប្រជាពលរដ្ឋនៅក្នុងឃុំល្វេ ក៏ដូចជាប្រជាពលរដ្ឋក្នុងស្រុកស៊ីធរកណ្ដាលទាំងមូលពិតជាមានសេចក្ដីសប្បាយចិត្តជាខ្លាំង និងការសាទរ ដោយពួកគាត់ទទួលបាននូវ មណ្ឌលសុខភាពដ៏ថ្មីស្រឡាង កម្រិតស្តង់ដា ព្រមទាំងមាននូវសម្ភារៈជាច្រើនសម្រាប់ផ្គត់ផ្គង់តម្រូវការនៅក្នុងមណ្ឌលសុខភាពនេះ ដែលធ្វើអោយប្រជាពលរដ្ឋមានភាពជឿទុកចិត្ត ក្នុងការទៅរកសេវាផ្សេងៗ នៅមណ្ឌលសុខភាពទាំងនោះ។
ជាចុងក្រោយ លោកម៉ននី បណ្ឌិត ក្នុងនាមខ្ញុុំផ្ទាល់ និងតំណាងឱ្យប្រជាពលរដ្ឋក្នុងស្រុកស៊ីធរកណ្ដាលទាំងមូល សុំថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អង្គការភូមិសន្តិភាពអរន្តជាតិ ប្រទេសអាឡឺម៉ង់ ដែលបានជួយឧបត្ថម្ភ ជាអាគារមណ្ឌលសុខភាព មកដល់ស្រុកយើងខ្ញុំ និងសូមជូនពរដល់ សមាជិក សមាជិកានៃ អង្គការភូមិសន្តិភាពអរន្តជាតិទាំងអស់ឱ្យជួបប្រទះនូវ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ៕