រដ្ឋសភា នឹងធ្វើការជ្រើសតាំងឥស្សរជន២រូប ជាសមាជិកព្រឹទ្ធសភា, ឥស្សរជនមានបំណងឈរឈ្មោះ ត្រូវដាក់ពាក្យសុំ នៅអគ្គលេខាធិការដ្ឋានរដ្ឋសភា


(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា នីតិកាលទី៧ នឹងធ្វើការជ្រើសតាំងឥស្សរជន ២ (ពីរ)រូប ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥។

តាមរយៈសេចក្តីជូនដំណឹងដែលទទួលបាននៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ឥស្សរជនដែលមានបំណងចូលរួមក្នុងការជ្រើសតាំងនេះ ត្រូវដាក់ពាក្យសុំឈរឈ្មោះជាបេក្ខជននៅអគ្គលេខាធិការដ្ឋានរដ្ឋសភា ដោយភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖

*១៖ ជីវប្រវត្តិសង្ខេបរបស់បេក្ខជន ០១ច្បាប់
*២៖ មានសញ្ជាតិខ្មែរតាំងពីកំណើត (សេចក្តីចម្លងសំបុត្រកំណើត) ០១ច្បាប់
*៣៖ អាយុយ៉ាងតិច ៤០ឆ្នាំ (ច្បាប់ចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយមានបញ្ជាក់ ពីអាជ្ញាធរមានសមត្ថកិច្ច) ០១ច្បាប់
*៤៖ លិខិតបញ្ជាក់ថាមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ០១ច្បាប់
*៥៖ លិខិតថ្កោលទោស (អាចផ្ដល់យ៉ាងយូរនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤)​ ០១ច្បាប់
*៦៖ រូបថតទំហំ ៤x៦ (ថតចំពីមុខ) គ្មានពាក់វ៉ែនតា ០៣សន្លឹក(ពាក្យសុំឈរឈ្មោះជាបេក្ខជន មានផ្តល់ជូននៅអគ្គលេខាធិការដ្ឋានរដ្ឋសភា)។

អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងទទួលពាក្យសុំឈរឈ្មោះជាបេក្ខជន ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ រៀង រាល់ថ្ងៃធ្វើការ ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ ពេលព្រឹកចាប់ពីម៉ោង ៧៖០០នាទី ដល់ម៉ោង ១១៖០០នាទី ពេលរសៀលចាប់ពីម៉ោង ១៤៖០០នាទី ដល់ម៉ោង ១៧៖០០នាទី នៅនាយកដ្ឋានគ្រប់គ្រងបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា កាលបរិច្ឆេទឈប់ទទួលពាក្យសុំ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧៖០០នាទី៕