ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ប្រកាសដាក់ឱ្យអនុវត្តស្តង់ដារៀនគំរូ ក្នុងរាជធានីភ្នំពេញ


(ភ្នំពេញ)៖ ដើម្បីឆ្លើយតបនឹងស្មារតីនៃកិច្ចប្រជុំដំបូងរបស់គណៈរដ្ឋមន្ត្រី នីតិកាលទី៧នៃរដ្ឋសភា ដែលបានដាក់ចេញវិធានការគន្លឹះចំនួន៤ ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តស្តង់ដារៀនគំរូ ក្នុងរាជធានីភ្នំពេញ។

ថ្លែងនៅក្នុងឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ការប្រកាសនេះ ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា រួមមាន៖ ការពង្រឹងអភិបាលកិច្ចសាលារៀន, ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា, និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង, វិន័យ, សីលធម៌ និងឥរិយាបថរបស់សិស្ស, ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្ថែមទៀតថា សាលារៀនគំរូនឹងផ្តោតលើលទ្ធផលសិក្សារបស់សិស្ស ដោយសាលារៀនត្រូវផ្តោតការយកចិត្តទុកដាក់ និងកំណត់យកលទ្ធផលសិក្សារបស់សិស្សជាគោល ដោយប្រើប្រាស់យន្តការ ពីលើចុះក្រោម និងពីក្រោមទ្បើងលើ។

* យន្តការពីលើចុះក្រោម គឺក្រសួងអប់រំ យុវជន និងកីទ្បានឹងជ្រើសរើស៖ វិទ្យាល័យ និងអនុវិទ្យាល័យចំនួន២០០ ដែលមានអត្រាសិស្សទទួលបាននិទ្ទេស A, B, C ខ្ពស់ជាងគេ ឬដែលមានអត្រាសិស្សប្រទ្បងជាប់សម្រេចបានស្មើ ឬខ្ពស់ជាងលទ្ធផលមធ្យមភាគថ្នាក់ជាតិ ដើម្បីធ្វើការវាយតម្លៃ។ សម្រាប់សិស្សមធ្យមសិក្សាបឋមភូមិ៖ គ្រឹះស្ថានសិក្សាដែលមានពិន្ទុរង្វាយតម្លៃសិក្សាថ្នាក់ជាតិថ្នាក់ទី ៨ ឬ អន្តរជាតិ (PISA) ខ្ពស់។ សម្រាប់សិស្សបឋមសិក្សា៖ គ្រឹះស្ថានសិក្សាដែលមានសិស្សទទួលបានពិន្ទុរង្វាយ តម្លៃសិក្សាថ្នាក់ទី ៣ និងទី ៦ ខាងផ្នែកអំណាន និងគណិតវិទ្យាខ្ពស់។

* យន្តការពីក្រោមទ្បើងលើ គឺមន្ទីរអប់រំ យុវជន និងកីទ្បា ឬគ្រឹះស្ថានសិក្សាមាន សិទ្ធិស្នើបេក្ខភាពសាលារៀនគំរូ សម្រាប់គណៈកម្មការថ្នាក់ជាតិចុះវាយតម្លៃ។ ខេត្តដែលមានសាលារៀនគំរូច្រើន ប្រធានមន្ទីរនឹងត្រូវទទួលស្គាល់ថា ជាប្រធានមន្ទីរគំរូផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្ថែមថា នៅក្នុងអំឡុងពេលនៃដំណើរការឆ្នាំសិក្សា ២០២៣-២០២៤ ក្រសួងនឹងជ្រើសរើសសាលារៀនសំណាក ដែលជាសាលារៀនមានសក្តានុពលប្រមាណ ៥០០ ទៅ ១០០០សាលា ដើម្បីទទួលការជួយគាំទ្រនិងធ្វើការវាយតម្លៃ ដោយរំពឹងថាសម្រេចបានតាមស្តង់ដាសាលារៀនគំរូ ក្នុងរយៈពេល២ឆ្នាំខាងមុខ។ ក្នុងរយៈពេលចំពោះមុខ ក្រសួងនឹងវាយតម្លៃជ្រើសរើសសាលារៀនប្រមាណ៥០ សម្រាប់ប្រកាសនៅក្នុងសន្និបាតអប់រំ ដែលគ្រោងប្រារព្ធឡើងនៅដើមខែមេសា ឆ្នាំ២០២៤ខាងមុខនេះ។

ក្រសួងបាននឹងកំពុងរៀបចំយន្តការជំរុញអនុវត្តសាលារៀនគំរូ និងយន្តការចុះជួយសាលារៀន តាមរយៈ៖ ក្រុមនាយកសាលាល្អ គ្រូបង្រៀនល្អ, ក្រុមអ្នកឯកទេស ដូចជាកម្មវិធីសិក្សា, រង្វាយតម្លៃ, ហិរញ្ញវត្ថុ, និងការគ្រប់គ្រងទូទៅ, កម្មវិធីអភិវឌ្ឍភាពជាអ្នកដឹកនាំសាលារៀន និងកម្មវិធីអភិវឌ្ឍគ្រូបង្រៀន, ការបង្ហាត់បង្ហាញអំពី ការបង្រៀនគណិតវិទ្យាថ្នាក់ដំបូង និងអំណានថ្នាក់ដំបូងនៅបឋមសិក្សា និងវិធីសាស្ត្របង្រៀនថ្មីនៅមធ្យមសិក្សា។

ឯកឧត្តមរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ក៏បានបញ្ជាក់ដែរថា ការអនុវត្តស្តង់ដាសាលារៀនគំរូ គឺជាកំណែទម្រង់អប់រំកម្រិតសាលារៀនជាកញ្ចប់ ដោយផ្តោតជាសំខាន់លើគ្រឹះស្ថានសិក្សាសាធារណៈ ចាប់ពីកម្រិតមត្តេយ្យសិក្សារហូតដល់កម្រិតមធ្យមសិក្សាទុតិយភូមិ ក្នុងគោលបំណងពង្រឹងចំណេះដឹង និងសីលធម៌របស់សិស្សឱ្យបានល្អប្រសើរ ដើម្បីឈានទៅថ្នាក់ឧត្តមសិក្សា។

ឯកឧត្តមរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ក៏បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាបន្តផ្សព្វផ្សាយស្តង់ដា សាលារៀនគំរូឱ្យបានទូលំទូលាយទៅដល់សាលារៀន និងរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តរួមគ្នា ឆ្ពោះទៅសម្រេចឱ្យបានតាមតម្រូវការរបស់ក្រសួង និងរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សផងដែរ៕