រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ


ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីសំណាក់ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្ដីជំនាញ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សា និងប្រមូលធាតុចូលសម្រាប់តាក់តែងគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ក្នុងគោលបំណងចូលរួមអនុវត្តយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០។

សូមជម្រាបថា ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ដោយព្រះរាជក្រមលេខ នស/រកម/០១៩៦/១៦ ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩៦ និងអនុក្រឹត្យលេខ៧៨ អនក្រ.បក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៩៩៧ មានបេសកកម្មចម្បងដែលរាជរដ្ឋាភិបាលប្រគល់ជូន ដើម្បីដឹកនាំ និងគ្រប់គ្រងលើវិស័យអភិវឌ្ឍន៍ជនបទដោយបានកំណត់យក “ការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជនជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” តាមរយៈការអភិវឌ្ឍទី១-ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ, ទី២-ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ, ទី៣-ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងទី៤៖ ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ដែលផ្ដោតលើការពង្រឹងសមត្ថភាពស្ថាប័ន និងការអភិវឌ្ឍមូលធនមនុស្សទាំងមន្ដ្រីរាជការនិងប្រជាជនជនបទទូទៅ៕