សម្តេចធិបតី​ ហ៊ុន ម៉ាណែត៖ វិបត្តិកូវីដ១៩ និងអតិផរណា ធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច និងជីវភាពពលរដ្ឋធ្លាក់ចុះ តែរាជរដ្ឋាភិបាលមិនអង្គុយយំកើតទុក្ខ ហើយបានប្រឹងប្រែងដោះស្រាយបញ្ហា


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាការសោកស្តាយវិបត្តិជំងឺកូវីដ១៩ និងវិបត្តិអតិផរណា ធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋធ្លាក់ចុះ តែរាជរដ្ឋាភិបាលមិនអង្គុយយំកើតទុក្ខនោះទេ ហើយបានប្រឹងប្រែងដោះស្រាយបញ្ហាទាំងអស់នោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ ដើម្បីបញ្ចប់សង្គ្រាម ទទួលបានសន្តិភាព និងឯកភាពជាតិ ទទួលបរិក្ខារចាំបាច់ ដែលអាចឲ្យអនុវត្តជោគជ័យយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្របញ្ចកោណកន្លងទៅ។ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ត្រូវបានកាត់បន្ថយជាង ៥០ភាគរយនៅឆ្នាំ១៩៩៧ ចុះមកដល់ ១៧ភាគរយ នៅឆ្នាំនេះ ដែលកើនបន្តិច។

សម្តេចធិបតី បានបន្តថា កំណើនសេដ្ឋកិច្ចជាតិ ៧ភាគរយ តាំងពីពេលបានសន្តិភាព រហូតដល់កូវីដ១៩ បានន័យថា ជីវភាពប្រជាជនបានរីកចម្រើន។ អ្នកនៅក្រោមបន្ទាប់ក្រីក្រ បានក្លាយទៅជាអ្នកមានជីវភាពមធ្យម និងអ្នកមានជីវភាពមធ្យមជាច្រើន បានវិវត្តទៅជាអ្នកមានជីវភាពខ្ពស់ នៅក្នុង ២០ឆ្នាំក្រោយពីបញ្ចប់សង្គ្រាម។ ប៉ុន្តែ ដោយសារកូវីដ១៩ អតិផរណា និងសង្គ្រាមនានាលើពិភពលោក ក៏បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត «ជាការសោកស្តាយណាស់ ដែលកូវីដ១៩ បានឈានមកដល់។ បើសិនជាគ្មានវិបត្តិកូវីដ១៩ នោះទេ មិនដឹងថា ប្រទេសយើងឈានដល់ណា ប្រហែលជីវភាពរស់នៅរបស់ប្រជាជនយើង កាន់តែកើន។ ប៉ុន្តែ យើងនិយាយនេះ មិនមែនបានន័យថា យើងអង្គុយយំកើតទុក្ខ ចំពោះអ្វីដែលបានកើតឡើងនោះទេ។ យើងត្រូវទទួលស្គាល់ការពិត យើងត្រូវធ្វើយ៉ាងណា ដើម្បីបន្តជួយនិរន្តរភាព និងចីរភាពនៃការអភិវឌ្ឍ។ ធម្មតា ការឡើងចុះនៃសេដ្ឋកិច្ចជាតិ ជាការធម្មតា។ បើអត់មានវិបត្តិកូវីដ១៩ ក៏មានវិបត្តិអតិផរណាពិភពលោក ឬក៏កត្តាណាមួយ ដែលយើងតែងតែមាន ប៉ុន្តែនៅក្នុងប៉ុន្មានឆ្នាំនេះ ដែលវិបត្តផ្ទួនៗ មានវិបត្តិកូវីដ១៩ ក៏ដូចជា វិបត្តិអតិផរណា និងសង្គ្រាមផ្សេងៗដែលកំពុងកើតមាន ក៏ជិះឥទ្ធិពលដល់កម្ពុជាយើង»

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា «ហេតុដូច្នេះហើយ ទាមទារឲ្យកម្ពុជាយើងត្រូវដៃម្ខាងដោះស្រាយបញ្ហាចំពោះមុខ ដៃម្ខាងគឺពង្រឹងមូលដ្ឋានអនាគតសម្រាប់វែងឆ្ងាយរបស់ប្រទេសជាតិ។ ដោះស្រាយបញ្ហាចំពោះមុខ គឺអ្វីគេ? គឺធ្វើយ៉ាងណាទប់សភាពការណ៍កុំឲ្យវាអាក្រក់បំផុត ទៅតាមលទ្ធភាព ដែលអាចធ្វើទៅបាន។ បើនិយាយពីជីវភាពប្រជាជន ត្រូវធ្វើយ៉ាងណា កុំឲ្យប្រជាពលរដ្ឋយើង ធ្លាក់នៅក្នុងជ្រោះលំបាក ជាពិសេសបញ្ហាជីវភាព។ អីចឹងហើយ បានជាចាំបាច់ឲ្យរាជរដ្ឋាភិបាល ដាក់ចេញនូវគោលនយោបាយជាច្រើន គោលនយោបាយអន្តរាគមន៍សង្គម»

បើតាមប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ការជួយប្រជាពលរដ្ឋ គឺជាការជួយសេដ្ឋកិច្ចជាតិ។ សម្តេចបន្ថែមថា សេដ្ឋកិច្ចជាតិមិនអាចមានលំនឹងទេ បើសេដ្ឋកិច្ចប្រជាពលរដ្ឋគ្មានលំនឹង។ ប្រទេសមួយមានសេដ្ឋកិច្ចប្រកបដោយចីរភាព គឺបង្កើតវប្បធម៌ប្រជាពលរដ្ឋអាចចិញ្ចឹមខ្លួនឯង ប៉ុន្តែប្រទេសមួយ ក៏មានប្រជាពលរដ្ឋជួបអសមត្ថភាពក្នុងការចិញ្ចឹមខ្លួនឯង ដែលទាមទារឱ្យរាជរដ្ឋាភិបាលដាក់ចេញកិច្ចអន្តរាគមន៍។

សម្តេចធិបតី  ហ៊ុន ម៉ាណែត បានថ្លែងថា កម្មវិធីគាំពារសង្គមមានប្រជាពលរដ្ឋប្រមាណ ៦លាន ៥សែន បានទទួលប្រយោជន៍ ហើយចំណាយខ្ទង់ ១០០លានដុល្លារក្នុងមួយឆ្នាំ។ រាជរដ្ឋាភិបាល មិនមែនមានតែកម្មវិធីគាំពារសង្គមប៉ុណ្ណោះទេ រាជរដ្ឋាភិបាលក៏បានវិនិយោគច្រើនណាស់ទៅលើការអប់រំ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងអគ្គិសនីជាដើម៕