ឯកឧត្តមបណ្ឌិត កៅ គឹមហួន ចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិសាមញ្ញរបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា លើកទី៣ និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំមួយចំនួននៅអាស៊ាន


ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិសាមញ្ញរបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) លើកទី៣។

នៅក្នុងសន្ទរកថា ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានកត់សម្គាល់ពីកិច្ចការដ៏សំខាន់របស់អាស៊ាន ក្នុងការតាក់តែងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងផែនការយុទ្ធសាស្ត្រចំនួន ៤ទៀត ព្រមទាំងបានលើកទឹកចិត្តឱ្យ ERIA ចូលរួមចំណែកដល់ការសម្រេចបាននូវសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមស្តីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងផែនការអនុវត្តសេចក្តីថ្លែងការណ៍នេះ ក្រោយពីបានអនុម័តនៅក្នុងឱកាសកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន នៅប្រទេសជប៉ុន កាលពីខែធ្នូ ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏បានអំពាវនាវឱ្យ ERIA គាំទ្រឡាវក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២៤នេះ នៅក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់»

នៅរសៀលថ្ងៃដដែល ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមក្នុងពិធីទទួលជំនួយហិរញ្ញវត្ថុពីសាធារណរដ្ឋហ្វីលីពីន ដើម្បីជួយមីយ៉ាន់ម៉ា ក្រោយពីរងគ្រោះដោយសារខ្យល់ព្យុះ Cyclone Mocha កាលពីខែឧសភា ឆ្នាំ២០២៣ ដោយក្នុងពិធីនេះ ក៏មានការចូលរួមពីឯកអគ្គរដ្ឋទូតហ្វីលីពីន និងឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំអាស៊ានផងដែរ។

ឯកឧត្តមបណ្ឌិតបានចាប់ផ្តើមតួនាទីជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌អាស៊ាន (SG-AHAC) ដើម្បីគាំទ្រដល់សកម្មភាពធ្វើឱ្យប្រសើរឡើងវិញនូវតំបន់ដែលរងគ្រោះដោយសារខ្យល់ព្យុះ Cyclone។ ការចូលរួមវិភាគទានរបស់រដ្ឋាភិបាលហ្វលីពីន គឺបង្ហាញថា អាស៊ានឈរលើស្មារតីសាមគ្គីភាពជាមួយសហគមន៍ដែលរងផលប៉ះពាល់ និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់អាស៊ានចំពោះការអនុវត្ត «អាស៊ានមួយ ការឆ្លើយតបមួយ» ជាពិសេសក្នុងការកៀរគរធនធានកាន់តែច្រើនដើម្បីធានាបាននូវការឆ្លើយតបរួមរបស់អាស៊ាន ចំពោះគ្រោះមហន្តរាយ។

នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានទទួលជួបពិភាក្សាការងារជាមួយលោក Rino Donosepoetro អនុប្រធានធនាគារ Standard Chartered ទទួលបន្ទុកអាស៊ាន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហការដែលអាចធ្វើទៅបានដើម្បីគាំទ្រដល់ហិរញ្ញវត្ថុពាណិជ្ជកម្ម និងប្រកបដោយចីរភាពនៅក្នុងតំបន់។

ព្រមទាំងបន្តបានជួបពិភាក្សាការងារជាមួយលោក Jayant Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំអាស៊ាន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការត្រៀមរៀបចំសម្រាប់ទស្សនកិច្ចការងាររបស់ឯកឧត្តមអគ្គលេខាធិការអាស៊ាន នៅប្រទេសឥណ្ឌា នាពេលខាងមុខ ឆ្លើយតបទៅនឹងការអញ្ជើញរបស់រដ្ឋាភិបាលឥណ្ឌា៕