ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៣ និងលើកទិសដៅបន្ដ


ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៣ និងលើកទិសដៅបន្ដ។

យោងតាមរបាយការណ៍អនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ឆ្នាំ២០២៣ គ្រោះថ្នាក់កើតឡើងសរុប ៣,៣១៧លើក (យប់៥៥%) បណ្តាលឲ្យស្លាប់១,៥៩០នាក់ និងរបួស៤,៥១៥នាក់ (ធ្ងន់២,៧៦៦នាក់)។

ក្នុងមូលហេតុបង្កគ្រោះថ្នាក់រួមមាន បើកបរល្មើសល្បឿន ៤១% មិនគោរពសិទ្ធិ២២% មិនប្រកាន់ស្តាំ៩% បត់៩% ប្រជែងគ្រោះថ្នាក់៧% កត្តាយាន៥% ស្រវឹង៣% ភ្លើង/សញ្ញា១% សុខភាព/ងងុយ១% និងកត្តាអាកាសធាតុ១%។ ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូចំនួន ៨០% (១,២៧៩/១,៥៩០នាក់) មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន៦៩% (៨៨៨/១,២៧៩នាក់)។

គ្រោះថ្នាក់បានកើតឡើងច្រើននៅរាជធានីភ្នំពេញ ៩៥០លើក ខេត្តព្រះសីហនុ ៣០៦លើក និងខេត្តតាកែវ ២៧០លើក។
បើគិតក្នុងឆ្នាំ២០២៣ ធៀបនឹងឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍កើន ៣៤១លើក ស្មើ១១% (៣,៣១៧/២,៩៧៦លើក) ចំនួនអ្នកស្លាប់ថយចុះ ១១៩នាក់ ស្មើ៧% (១,៥៩០/១,៧០៩នាក់) និងចំនួន អ្នករបួសកើន ៤៨៩នាក់ ស្មើ១២% (៤,៥១៥/៤,០២៦នាក់)។

ដោយឡែក តាមរយៈការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សមត្ថកិច្ចបានពិន័យយានយន្តល្មើសច្បាប់ សរុបចំនួន ៧៤,៩៣៧ គ្រឿង (៧៥,០៥៤ករណី) ដែលក្នុងនោះរួមមាន៖

* ទោចក្រយានយន្ត ត្រីចក្រយានយន្តចំនួន ៦២,៥២៩គ្រឿង (៦២,៥៣០ករណី) ស្មើ៨៣% (មិនពាក់មួកសុវត្ថិភាព៨៩% ភ្លើង/ផ្លាក៦% ស្រវឹង២% គ្មានផ្លាកលេខសម្គាល់២% និងតាំង/កែច្នៃ១%)។

* រថយន្តចំនួន ១២,៤០៨គ្រឿង (១២,៥២៤ករណី) ក្នុងនោះធុនធ្ងន់ ១,០២៥គ្រឿង (១,០៦៩ករណី) ស្មើ១៧% (ល្មើសល្បឿន៥១% ភ្លើង/ផ្លាក១៩% គ្មានបណ្ណបើកបរ១២% ឆៀក៦% ខ្សែក្រវ៉ាត់៤% ស្រវឹង៣% ដឹកលើសចំណុះ១% គ្មានផ្លាកលេខ១% ទូរស័ព្ទ១% និងដាក់តាំង/កែច្នៃ១%)៕