ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ឆ្នាំ២០២៣ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២៤


នៅទីស្តីការក្រសួង នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ឆ្នាំ២០២៣ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២៤។
សូមជម្រាបថា កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា លោក លោកស្រី ជាតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអាជ្ញាធរទន្លេសាប។
ក្នុងឱកាសបើកកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ អបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក៏ដូចជាដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធផ្សេងទៀត ទាំងនៅថ្នាក់ជាតិ និងថ្នាក់តំបន់ដែលបានចូលរួមយ៉ាងសកម្ម ផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធ និងការគាំទ្រយ៉ាងពេញលេញធ្វើឱ្យការអនុវត្តការងារឆ្នាំ២០២៣ បានដំណើរការដោយរលូន ប្រកបដោយប្រសិទ្ធភាព និងសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ជាច្រើន។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ជាស្ថាប័នជាតិមួយដែលស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់រាជរដ្ឋាភិបាល មានបេសកកម្មសម្របសម្រួលក្នុងការគ្រប់គ្រង ការការពារ ការអភិរក្សនិងអភិវឌ្ឍន៍ធនធានទឹក និងធនធានពាក់ព័ន្ធដទៃទៀតក្នុងអាងទន្លេមេគង្គ ដែលបេសកកម្មនេះត្រូវបានអនុវត្តតាមរយៈផែនការយុទ្ធសាស្រ្ត។ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាបានធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្រ្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៤-២០២៨ ដើម្បីចូលរួមគាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្រ្តអភិវឌ្ឍន៍អាងទន្លេឆ្នាំ២០២១-២០៣០របស់គណៈកម្មការទេន្លេមេគង្គ(MRC) ក្នុងគោលដៅរួមគឺដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងជាអាទិភាពគន្លឹះសម្រាប់ទ្រទ្រង់ និងជំរុញកំណើនសេដ្ឋកិច្ច។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍រម្លឹកពីសេចក្តីថ្លែងការណ៍ទីក្រុងវៀងចន្ទន៍ នៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ របស់ប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ ដែលបានសង្កត់ធ្ងន់អំពីសារសំខាន់ជាសារវន្ត និងភាពចាំបាច់ចំពោះការបន្តពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ និងភាពជាដៃគូ បង្កើនប្រសិទ្ធភាពប្រកបដោយនវានុវត្តន៍ ដើម្បីចីរភាពនៃទន្លេមេគង្គ និងធានាបាននូវសន្តិសុខទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ មានការរីកចម្រើនផ្នែកសេដ្ឋកិច្ច សង្គម នាំមកនូវវិបុលភាពរួមគ្នា និងមាននិរន្តរភាពផ្នែកបរិស្ថាន។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍បន្ថែមដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាត្រូវបន្តពង្រឹងសមត្ថភាពរបស់ខ្លួនជាប្រចាំ ដោយត្រូវខិតខំសិក្សាស្វែងយល់អំពីក្របខ័ណ្ឌគតិយុត្តពាក់ព័ន្ធ ស្ថានភាពអាងទន្លេ និងបញ្ហាប្រឈម ខិតខំអភិវឌ្ឍន៍សមត្ថភាព ចំណេះដឹង ជំនាញ បទពិសោធន៍ជាប្រចាំ និងត្រូវបន្តពង្រឹងកិច្ចសហការឱ្យកាន់តែមានប្រសិទ្ធភាព និងកាន់តែប្រសើរឡើងថែមទៀត៕