ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច


នៅព្រឹកថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតី​ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់​ក្រសួង​អធិការ​កិច្ច។

ក្រសួងអធិការកិច្ច បានបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ ពិធីបើកត្រូវបានរៀបចំធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ដែលជាថ្នាក់ដឹក​នាំ និងសហការី មកពីបណ្តាក្រសួង ស្ថាប័ននានា, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់​នៃក្រសួង​អធិការកិច្ចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងវត្តមានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សរុប​ចំនួន ៩៦២រូប។

ក្នុងពិធីបើកសន្និបាត ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានសម្តែងការដឹងគុណប្រកបដោយកតញ្ញុតាធម៌ គោរពជូនសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានផ្តល់នូវព្រហ្មវិហារធម៌មិនអាចកាត់ថ្លៃបានដល់យើងទាំងអស់គ្នា ព្រមទាំងបានបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់អ្នកបន្តវេនជំនាន់ក្រោយ។

ឯកឧត្តម ហួត ហាក់ បានកត់សម្គាល់ឃើញថា ក្នុងឆ្នាំ២០២៣ ក្រសួងអធិការកិច្ច រួមទាំងមន្ទីររាជធានី ខេត្ត ទាំង២៥ បានខិតខំបំពេញការងារយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ទទួលបានលទ្ធផលគួរជាទីមោទនៈ និងមានសារៈសំខាន់ជាអាទិ៍ ការងារអធិការកិច្ច, ការងារតាមដានការអនុវត្តច្បាប់ ទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ, ការងារផ្សព្វផ្សាយអប់រំច្បាប់, ការងារនីតិកម្ម, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ច និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ពិសេស ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា «គ្មានការជឿទុកចិត្តណាមួយ ដែលអាចជំនួសឱ្យការត្រួតពិនិត្យបានឡើយ»។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមជូនអង្គសន្និបាតថា ក្នុងបរិបទថ្មីនៃកំណែទម្រង់ក្នុងវិស័យអធិការកិច្ច និងដើម្បីឆ្លើយតបចក្ខុវិស័យខាងលើក្នុងគោលបំណងលើកកម្ពស់សុចរិតភាព តម្លាភាព គណនេយ្យភាព និងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ ក្រសួងអធិការកិច្ចបានដាក់ចេញនូវ ផែនការការងារអាទិភាពចំនួន៤ ដែលមន្ត្រីរាជការទាំងអស់ត្រូវប្រកៀកស្មា សាមគ្គីរួមគ្នាជាធ្លុងមួយសម្រេចឱ្យទាល់តែបាន គឺទី១៖ ការពង្រឹងសមត្ថភាពស្ថាប័ន, ទី២៖ ការសាង និងអភិវឌ្ឍមូលធនមនុស្ស, ទី៣៖ ការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនៅក្នុងសមត្ថកិច្ចក្រសួង និងទី៤៖ ការថែរក្សាបរិយាកាសសុខដុមនីយកម្មនៅក្នុងក្រសួង និងអង្គភាពចំណុះទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

បន្ទាប់ពីពិធីបើកបានរៀបចំរួចរាល់ហើយនោះ ឯកឧត្តម ហួត ហាក់ ក៏បន្តដឹកនាំសន្និបាតនេះពេញមួយ​ថ្ងៃទី​១២ ខែកុម្ភៈ។ ក្នុងសន្និបាតនេះ ថ្នាក់ដឹកនាំអង្គភាពជំនាញនីមួយៗ បានឡើងធ្វើបទបង្ហាញពីការងារ​ដែល​អង្គភាពរបស់ខ្លួនសម្រេចបានក្នុងឆ្នាំ២០២៣ ហើយក៏បានលើកឡើងបញ្ហាប្រឈមមួយចំនួន អម​ដោយ​សំណូមពរទៅកាន់រដ្ឋមន្ត្រី ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះផងដែរ។

វត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបិទសន្និបាតរបស់ក្រសួងអធិការកិច្ច ជាការបង្ហាញឱ្យ​ឃើញពីការយកចិត្តទុកដាក់ខ្ពស់មួយរបស់សម្តេចធិបតីលើការងារអធិការកិច្ច ដែលជាផ្នែកមួយដ៏សំខាន់​ក្នុង​ការជំរុញកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលជានយោបាយអាទិភាពក្នុងនីតិកាលថ្មីនេះ។

សូមបញ្ជាក់ថា ក្រសួងអធិការកិច្ច ដើមឡើយមានឈ្មោះថា ក្រសួងទំនាក់ទំនងជាមួយរដ្ឋ​សភា-ព្រឹទ្ធ​សភា និង​អធិការ​កិច្ច។ ក្នុងនីតិកាលទី៧ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បាន​សម្រេចកែសម្រួល​ក្រសួងនេះមកនៅត្រឹមថា «ក្រសួងអធិការកិច្ច»។

ការកែសម្រួលនេះក្នុងគោលដៅឆ្លើយតបនឹង​ស្នូលនៃយុទ្ធ​សាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គឺផ្ដោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាល​សាធារណៈដែលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដែលបានដាក់ចេញដោយ​រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៕