សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកអគ្គរាជទូតកម្ពុជាទើបតែងតាំងថ្មី ប្រចាំប្រទេសចិន ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍


នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង៩:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវបណ្ឌិត សឿង រដ្ឋចាវី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិនដែលទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ មុនពេលអញ្ជើញទៅបំពេញបេសកកម្មការទូតប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុងឱកាសនោះ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការអបអរសាទរចំពោះលោកជំទាវបណ្ឌិត សឿង រដ្ឋចាវី ដែលត្រូវបានព្រះមហាក្សត្រតែងតាំងជាឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋប្រជាមានិតចិន។ ជាមួយគ្នានេះ សម្តេចបានផ្តាំផ្ញើចំពោះលោកជំទាវបណ្ឌិតឯកអគ្គរាជទូតត្រូវយកចិត្តទុកដាក់ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យបានល្អប្រសើរដើម្បីផលប្រយោជន៍ ទៅវិញទៅមករវាងព្រះរាជាណាចក្រកម្ពុជាជាមួយសាធារណរដ្ឋប្រជាមានិតចិនទាំងពេលបច្ចុប្បន្ន និងតទៅអនាគតយូរអង្វែង។ ដើម្បីសម្រេចគោលបំណងនេះ ត្រូវយកចិត្តទុកដាក់កសាងទំនាក់ទំនងល្អជាមួយនឹងបណ្តាស្ថាប័ន និងជាមួយប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិនឱ្យបានល្អប្រសើរ។ ទន្ទឹមនឹងនេះ ត្រូវយកចិត្តទុកដាក់គិតគូរដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ និងពលករខ្មែរដែលកំពុងរស់នៅប្រកបអាជីវកម្ម និងធ្វើការងារនៅសាធារណរដ្ឋប្រជាមានិតចិន។ ជានិច្ចកាលត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយនឹងឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃប្រទេសនានាប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនជូនដល់លោកជំទាវបណ្ឌិតត្រូវសកម្មផ្សព្វផ្សាយ និងបកស្រាយពន្យល់អំពីសភាពការណ៍ពិត និងការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាជូនដល់សាធារណៈមតិជាតិ និងអន្តរជាតិ ជាពិសេសនៅប្រទេសដែលកំពុងបំពេញភារកិច្ច។ ត្រូវផ្តល់ព័ត៌មានឱ្យបានរហ័សចំពោះសភាពការណ៍ជាក់ស្តែងរបស់កម្ពុជា និងត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយក្នុងការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើន ព្រមទាំងសកម្មផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ដ៏ល្អរបស់កម្ពុជាយើង។

ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត សឿង រដ្ឋចាវី បានប្តេជ្ញានៅចំពោះមុខ សម្តេចប្រធានព្រឹទ្ធសភាថានឹងខិតខំបំពេញភារកិច្ចការទូតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឱ្យបានសក្តិសមជាតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ និងខិតខំអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រធានព្រឹទ្ធសភា និងខិតខំផ្សព្វផ្សាយអំពីវឌ្ឍនភាព និងការរីកចម្រើនរបស់ប្រទេសជាតិ ពង្រឹងពង្រីកទំនាក់ទំនងសហប្រតិបត្តិការល្អប្រសើរជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិន ឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតប្រទេសផ្សេងៗ ព្រមទាំងខិតខំទាក់ទាញវិនិយោគិន និងអ្នកទេសចរឱ្យមកកម្ពុជាបានកាន់តែច្រើន ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់កិត្យានុភាពជាតិនៅក្នុងក្របខ័ណ្ឌតំបន់ និងលើពិភពលោក៕