ប្រមុខការទូតកម្ពុជា អបអរសាទរហុងគ្រី ក្នុងការក្លាយជាប្រធានសហភាពអឺរ៉ុប សម្រាប់ឆមាសទី២ នៃឆ្នាំ២០២៤


(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអបអរសាទរដល់ហុងគ្រី ក្នុងការក្លាយជាប្រធានសហភាពអឺរ៉ុប សម្រាប់ឆមាសទី២ នៃឆ្នាំ២០២៤។

ការអបអររបស់ប្រមុខការទូតកម្ពុជា បានធ្វើឡើងក្នុងឱកាសអនុញ្ញាតឲ្យឯកឧត្តមបណ្ឌិត Tibor BALOGHDI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសហុងគ្រី ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្តែងការអបអរសាទរដល់ហុងគ្រី ក្នុងការក្លាយជាប្រធានសហភាពអឺរ៉ុប សម្រាប់ឆមាសទី២ នៃឆ្នាំ២០២៤។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការបន្តគាំទ្ររបស់ហុងគ្រី សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប លើគ្រប់វិស័យ»

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគី ដែលមានការរីកចម្រើនកាន់តែខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើទោះបីជាមានការលេចឡើងនៃបញ្ហាប្រឈមក្នុងតំបន់និងសកលក៏ដោយ ដែលបានបង្ហាញតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់ ការប្រាស្រ័យទាក់ទងគ្នា តាមរយៈយន្តការទ្វេភាគី ដូចជា គណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនិងកិច្ចពិគ្រោះយោបល់ទ្វេភាគី ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ។

ប្រមុខការទូតកម្ពុជា និងប្រមុខការទូតហុងគ្រី បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការថែរក្សាទំនាក់ទំនងល្អដែលមានស្រាប់ និងបន្តគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរជាតិ៕