កម្ពុជា និងចក្រភពអង់គ្លេស នៅតែរក្សាទំហំពាណិជ្ជកម្មបានក្នុងកម្រិតល្អប្រសើរ


ថ្លែងនៅក្នុងពិធីសម្ពោធជាផ្លូវការនៃប្រភេទរថយន្តប្រណិតទី៤ របស់ក្រុមហ៊ុន Jaguar Land Rover គឺរថយន្ត Range Rover Velar ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចក្រភពអង់គ្លេស ត្រូវបានរក្សាបាននូវទំហំមួយដ៏គួរឲ្យកត់សម្គាល់ដដែល គឺនៅក្នុងរង្វង់ប្រមាណ ៨០០ លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៦ កន្លងទៅ។ ឯកឧត្តម បានរំលិចដែរថា នៅក្នុងទំហំទឹកប្រាក់ប្រមាណ ៨០០ លានដុល្លារអាមេរិកនេះ កម្ពុជាបាននាំចេញនូវផលិតផលប្រភេទកសិកម្ម និងវាយនភណ្ឌទៅកាន់ចក្រភពអង់គ្លេស នូវទឹកប្រាក់ប្រមាណ ៧៦៧ លានដុល្លារ និងបាននាំចូលមកវិញនូវផលិតផលអេឡិកត្រូនិក និងមុខទំនិញផ្សេងទៀត ក្នុងទំហំទឹកប្រាក់ប្រមាណ ៣៥ លានដុល្លារ។
លើសពីនោះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា វត្តមានរបស់ប្រភេទរថយន្តប្រណិតថ្មីនេះក្នុងព្រះរាជាណាចក្រកម្ពុជា ជាសក្ខីភាពនៃការអភិវឌ្ឍន៍របស់កម្ពុជា និងការជឿទុកចិត្តពេញទំហឹងរបស់វិនិយោគិន និងពាណិជ្ជករ នៅលើស្ថេរភាពសេដ្ឋកិច្ច-សង្គម របស់កម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ម្យ៉ាងវិញទៀត ការនាំចូលនូវរថយន្តថ្មីមួយនេះ បានឆ្លុះបញ្ចាំងពីវឌ្ឍនភាពសេដ្ឋកិច្ច និងជីវភាពដ៏ប្រសើរ របស់ប្រជាជនកម្ពុជា ដែលទទួលបានក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាបាននូវកំណើនសេដ្ឋកិច្ច គិតជាមធ្យម ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេល ២ ទសវត្សចុងក្រោយ។