សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលដៅចម្បងរបស់រដ្ឋាភិបាល គឺការលើកកម្ពស់ជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ និងជំរុញការអភិវឌ្ឍ


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា គោលដៅចម្បងរបស់រាជរដ្ឋាភិបាលរយៈពេលជាង ៤០ឆ្នាំមកនេះ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺការលុបបំបាត់ភាពក្រីក្រ និងបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការបិទបញ្ចប់ភ្លើងសង្គ្រាម និងជំរុញការអភិវឌ្ឍ។

ការបញ្ជាក់បែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាព បើកការដ្ឋានការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) តម្លៃជាង៦០លានដុល្លារ នៅរាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្រាប់គោលដៅចម្បងរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ និងអាណត្តិមុនៗ គឺជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយជីវភាព បង្កើតការងារឱ្យបានច្រើន។ ប្រែក្លាយពីបឹង ពីព្រៃ ពីវាលស្រែ កន្លែងអត់ផ្លូវទៅជាកន្លែងដែលមានបង្កបង្កើនផលកសិកម្ម រុញភ្លើងអគ្គិសនី រោងចក្រទៅដល់មូលដ្ឋាន ដែលបានបង្កើតការងារជូនប្រជាពលរដ្ឋជាច្រើនកន្លែង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អញ្ចឹងគោលដៅចម្បងរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ និងអាណត្តិមុនៗ ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយជីវភាព បង្កើតការងារឱ្យបានច្រើន […] ហើយគោលដៅធំគឺលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋតាមរយៈការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ហើយនេះជាគោលដៅតែមួយគត់របស់រាជរដ្ឋាភិបាល ៤០ឆ្នាំជាងនេះ ដែលយើងកាត់ពីប្រទេសបែកបាក់ធ្វើយ៉ាងណាឱ្យជីវភាពរស់នៅរបស់ប្រជាលរដ្ឋ តាមរយៈការបង្កើតបរិស្ថានចាំបាច់ គឺការបញ្ចប់សង្គ្រាម និងថែរក្សាសន្តិភាពឱ្យបាន ដើម្បីធានានូវភាពរីកចម្រើនរបស់យើង»

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងថា ប្រសិនបើរាប់ត្រឹមចុងឆ្នាំ១៩៩៨ ដែលដាក់ចេញនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា នោះកម្ពុជា ទើបតែបញ្ចប់សង្គ្រាមស៉ីវិលទាំងស្រុងប្រមាណ២៥ឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែ ក្រោមដំបូលនៃសន្តិភាពពេញផ្ទៃប្រទេសនេះ បានធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា មានការកើនឡើងយ៉ាងលឿនក្នុងរយៈពេល២៥ឆ្នាំមកនេះ។

បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា នៅឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៨ កម្ពុជា មិនទាន់បានបិទបញ្ចប់សង្គ្រាមទាំងស្រុងនៅឡើយនោះទេ ដោយសារតែខ្មែរក្រហម នៅមានកម្លាំងរបស់ខ្លួននៅតាមតំបន់ព្រៃភ្នំ ជាដុំៗនៅឡើយ។ ហើយថវិកាជាតិជាច្រើនត្រូវបានចំណាយលើការទិញគ្រាប់ និងសព្វាវុធ សម្រាប់ច្បាំងគ្នា និងកម្លាំងពលកម្មជាតិច្រើនត្រូវបានបញ្ជូនក្នុងជួលកងទ័ពដើម្បីច្បាំងគ្នាលើសមរភូមិជាដើម។

សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា ខណៈសង្គ្រាមផ្ទៃក្នុងមិនទាន់បញ្ចប់ទាំងស្រុង ផ្ទៃដីកម្ពុជាជាច្រើនទាំងក្នុងផ្ទៃប្រទេស និងនៅតាមព្រំដែនពោលពេញទៅដោយគ្រាប់មីន ដែលបង្កឱ្យមានមនុស្សស្លាប់ និងរាំងស្ទះដល់ដំណើរការអភិវឌ្ឍ ប៉ុន្តែ ក្រោយកម្ពុជា បានបិទបញ្ចប់សង្គ្រាមស៉ីវិលទាំងស្រុងនៅឆ្នាំ១៩៩៨ កម្ពុជាអាចបញ្ឈប់ការបាត់ដោយសារសង្គ្រាម ដែលបានផ្តល់ឱកាសដល់រដ្ឋាភិបាលកម្ពុជា បង្វែរថវិកា និងធនធានមនុស្ស ការរំដោះដីធ្លី ដើម្បីបង្កបបង្កើនផល ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា កាលមុនជំងឺកូវីដ១៩ រាតត្បាតប្រទេសកម្ពុជា ជាប្រទេសមួយកំណើនសេដ្ឋកិច្ចរីកចម្រើនលឿន នៅក្នុងចំណោមបណ្តាប្រទេសផ្សេងៗទៀត ដែលមានកំណើនសេដ្ឋកិច្ច ៧ភាគរយប្រចាំឆ្នាំ ដែលធ្វើឱ្យកម្រិតជីវភាពក្រីក្របានថយចុះ។ ជាក់ស្តែង ស្ពានថ្មីនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងការទៅប្រកបរបរប្រចាំថ្ងៃ និងសិស្សានុសិស្សធ្វើដំណើរទៅកាន់សាលារៀនបានឆាប់រហ័សប្រកបដោយសុវត្ថិភាព ព្រមទាំងចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច ការដឹកជញ្ជូនទំនិញ ការអភិវឌ្ឍនគរូបនីយកម្ម និងទេសចរណ៍សម្រាប់រាជធានីភ្នំពេញនិយាយដោយឡែក និងសម្រាប់ប្រទេសកម្ពុជាទាំងមូលនិយាយជារួម៕