ឯកឧត្តម ងួន រតនៈ៖ វិស័យព្រះពុទ្ធសាសនាដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំដែលមិនអាចកាត់ផ្ដាច់ពីគ្នា


ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានលើកឡើងថា វិស័យព្រះពុទ្ធសាសនាដើរតួនាទីសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋគោរពប្រតិបត្តិ និងផ្សារភ្ជាប់រវាងពុទ្ធចក្រ និងអាណាចក្រ ដែលតួអង្គទាំងពីរនេះ មិនអាចកាត់ផ្ដាច់ពីគ្នាបានឡើយ ហើយឥឡូវនេះព្រះពុទ្ធសាសនាមានការរីកចម្រើនដែលទាមទារឲ្យមានការចូលរួមផ្សព្វផ្សាយ និងធ្វើកិច្ចការនេះរួមគ្នាបន្តទៅទៀត។

ឯកឧត្តមងួន រតនៈ បានថ្លែងដូចនេះនៅក្នុងពិធីស្រោចស្រពសុគន្ធវារី ប្រគេនព្រះមហាធម្មពង្សា សួន តារ៉ាហេព្ភី ព្រះមេគុណគណៈ ធម្មយុត្តិកនិកាយខេត្តកំពង់ធំ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវត្តព្រះពុទ្ធជិនរាជ ភូមិក្បិល ឃុំសាន់គរ ស្រុកកំពង់ស្វាយ ក្នុងនាមតំណាងលោក វង្សី វិស្សុត។

ឯកឧត្តមបានកោតសរសើរចំពោះព្រះតេជគុណ សួន តារាហេព្ភី ដែលបានខិតខំលះបង់ក្នុងវិស័យព្រះពុទ្ធសាសនា ព្រមទាំងបានកសាងនៅព្រះវិហារ និងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តព្រះពុទ្ធជិនរាជនេះ ដោយលោកបានរំលេចនូវ វិស័យអប់រំក្នុងទីវត្តអារាមនេះដើរតួនាទីសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋគោរពប្រតិបត្តិ និងផ្សារភ្ជាប់រវាងពុទ្ធចក្រនិងអាណាចក្រ ដែលតួអង្គទាំងពីរនេះមិនអាចកាត់ផ្ដាច់ពីគ្នាបានឡើយ ហើយឥឡូវនេះព្រះពុទ្ធសាសនា មានការរីកចម្រើនដែលទាមទារឲ្យមានការចូលរួមផ្សព្វផ្សាយនិងធ្វើកិច្ចការនេះរួមគ្នាបន្តទៅទៀត។

ឯកឧត្តមបានរំលេចនូវសរសរស្តម្ភទាំងបួននៃវិស័យអប់រំ៖

*ទី១៖ អប់រំឲ្យមានចំណេះដឹងទូលំទូលាយ ចំណេះដឹងទូទៅ ចំណេះដឹងផ្នែកផ្នែកវិទ្យាសាស្រ្ត ផ្នែកសិក្សាសង្គមផ្សេងៗទៀត
*ទី២៖ អប់រំឲ្យមានចំណេះធ្វើ ចង់ឱ្យប្រជាពលរដ្ឋកម្ពុជាមានចំណេះជំនាញមួយពិតប្រាកដ ពង្រីកចំណេះដឹងបង្កើនធនធានមនុស្ស យុវជនម្នាក់ត្រូវមានជំនាញមួយយ៉ាងតិច
*ទី៣៖ អប់រំដល់ពលរដ្ឋឲ្យក្លាយជាពលរដ្ឋល្អ សិស្សល្អ កូនល្អ ដែលនាំឲ្យប្រទេសជាតិមានការរីកចម្រើន ការគោរពច្បាប់ (សង្គមជាតិគ្មានល្បែងស៊ីសង) គ្មានការប្រើប្រាស់គ្រឿងញៀន
*ទី៤៖ អប់រំពលរដ្ឋឲ្យចេះរស់នៅក្នុងសុខដុមរមនា ទោះបីជាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋក៏ដោយ ក៏ប្រទេសកម្ពុជាបានបើកសិទ្ធិសេរីភាពក្នុងការគោរពទៅលើជំនឿសាសនារៀងៗខ្លួន ដែលផ្ដល់ឱ្យសាសនាទាំងអស់ នៅក្នុងរស់នៅដោយសុខដុមរមនា ព្រមទាំងការប្រើប្រាស់សិទ្ធិសេរីភាពគឺស្ថិតនៅក្នុងរង្វង់នៃច្បាប់។

ឯកឧត្តមបន្តទៀតថា ប្រទេសកម្ពុជាមានវប្បធម៌មួយគឺ «វប្បធម៌ នៃការចែករំលែក» ដែលវប្បធម៌ដ៏ផូរផង់នេះយើងបានអនុវត្តរហូតមក ហើយយើងនិងបន្តកិច្ចការនេះបន្តទៀត ដោយខិតខំដោះស្រាយនូវបញ្ហា ក្តីកង្វល់នានាទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។

ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ប្រាប់ដល់ប្រជាពលរដ្ឋថា សម្រាប់ខេត្តកំពង់ធំនឹងទទួលបានទំនប់ទប់ទឹកដែលអាចផ្ទុកទឹកជាង៣០០លានម៉ែត្រគូប និងចំណាយពេលសាងសង់រួចរាល់ជាង២ឆ្នាំទៀត ដែលនេះគឺជាដំណឹងល្អសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំទាំងមូលទទួលបាននូវប្រយោជន៍យ៉ាងច្រើនក្នុងវិស័យកសិកម្ម។

ឯកឧត្តម ងួន រតនៈ សូមប្រគេនពរជូនសម្ដេចព្រះអភិសេរីសុគន្ធា មហាសង្ឃរាជាធិបតី ភិត្តិឧទេ្ទសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជាទទួលបានព្រះសុខភាពល្អ កម្លាំងមាំមួនដើម្បីបន្តចូលរួមថែរក្សានិងអភិវឌ្ឍន៍ព្រះពុទ្ធសាសនាឲ្យបានឋិតថេរជានិច្ចនិរន្ត និងជូនពរដល់ប្រជាពលរដ្ឋ លោក លោកស្រីទាំងអស់ទទួលបានជោគជ័យគ្រប់ភារកិច្ច និងបានចែកជូនដល់លោកយាយ លោកតាចំនួន១០០នាក់ ដោយម្នាក់ៗថវិកា២ម៉ឺនរៀល ប្រជាពលរដ្ឋ៤០០នាក់ ម្នាក់ៗទទួលបានសារុង១ សិស្សានុសិស្ស៤០០នាក់ម្នាក់ៗទទួលបានសៀវភៅ២ក្បាល ប៊ិច២ដើម ថវិកា២០០រៀល និងបច្ច័យចូលរួមចំនួន៦,៧២០,០០០រៀល៕