ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា​ អញ្ជើញជាអធិបតី​​បើកកិច្ចប្រជុំ​ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ៥ឆ្នាំ​​ ២០២៤-២០២៨​ លើវិស័យធនធានទឹក និង​ឧតុនិយម​


នៅទីស្តីការក្រសួង​ នាព្រឹកថ្ងៃពុធ​ ១២កើត​ ខែមាឃ ឆ្នាំ​ថោះ​ បញ្ចស័ក ពុទ្ធសករាជ​ ២៥៦៧​ ត្រូវនឹងថ្ងៃទី​២១​ ខែកុម្ភៈ ឆ្នាំ​២០២៤​ ឯកឧត្តម​​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រីក្រសួងធនធានទឹក និង​ឧតុនិយម​ ប្រធាន​គណៈ​កម្មាធិការ​ជាតិ​ទន្លេមេគង្គកម្ពុជា​ និងជាប្រធានអាជ្ញាធរទន្លេសាប​ បាន​អញ្ជើញជាអធិបតី​​បើកកិច្ចប្រជុំ​ស្តីពី​​ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ​​ ២០២៤-២០២៨​​ និង​ពិភាក្សាអំពី​ការរៀប​ចំ​​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​​ឆ្នាំ​២០២៣​ និងលើកទិសដៅអនុវត្ត​បន្តសម្រាប់​​ឆ្នាំ​២០២៤​។
សូមជម្រាបថា កិច្ចប្រជុំនាពេល​នេះមានការចូលរួម​ពីឯកឧត្តម​ លោកជំទាវ​ ថ្នាក់ដឹកនាំក្រសួងធនធានទឹក និង​ឧតុនិយម​ ថ្នាក់ដឹកនាំ​ និងប្រធាននាយកដ្ឋាន​​ នៃ​គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា​ ថ្នាក់ដឹកនាំ​និង​ប្រធាននាយកដ្ឋាន​​នៃ​អាជ្ញាធរទន្លេសាប​​ និង​​​ប្រធាននាយកដ្ឋាន​ទាំងអស់​នៃ​ក្រសួងធនធានទឹក និង​ឧតុនិយម​ សរុប​ប្រមាណ ៨០នាក់។​
ឯកឧត្តម​រដ្ឋមន្ត្រីមានប្រសាសន៍ថា​ ការរៀបចំផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិ​ឆ្នាំ​២០២៤-២០២៨​​ គឺជា​ការ​ងារ​​ចាំបាច់ និង​មានសារសំខាន់​​​សម្រាប់អនុវត្តគោលនយោបាយ​អាទិភាព​របស់​រាជ​រដ្ឋាភិបាល​​ ដើម្បីនាំ​កម្ពុជាចេញផុតពី​ស្ថានភាពជាប្រទេសដែលមានចំណូល​ទាប​ ​ឆ្ពោះទៅ​​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០​ ដែលធ្វើឱ្យ​កម្ពុជាក្លាយជាប្រទេស​មានចំណូលខ្ពស់ សង្គមសុខដុមរមនា មានកិត្យានុភាពខ្ពស់ក្នុង​ឆាក​អន្តរជាតិ​ និង​រួមចំណែក​ធ្វើឱ្យ​សម្រេចបានគោលដៅ​អភិវឌ្ឍន៍ប្រកប​ដោយ​​ចីរភាព។
ជាមួយគ្នានេះ​ ឯកឧត្តមរដ្ឋមន្ត្រីក៏​​បានស្នើដល់កិច្ចប្រជុំ​ឱ្យ​ពិភាក្សា​​ វិភាគ​ ឆ្លុះបញ្ចាំង និងវាយ​តម្លៃ​​ល្អិត​ល្អន់​​នូវការ​អនុវត្ត និង​សមិទ្ធ​ផល ដែលសម្រេចបា​ន​​​រយៈពេល ៥ឆ្នាំ​ ២០១៩-២០២៣ កន្លង​មកនេះ ហើយ​ឈរលើមូលដ្ឋាននេះ​​កំណត់នូវ​គោលបំណង គោលដៅ និងយុទ្ធសាស្ត្រ​សំខាន់​​ៗសម្រាប់រយៈពេល ៥ឆ្នាំ ២០២៤-២០២៨ បន្ទាប់។​
ទន្ទឹមនឹងនេះ​ ឯកឧត្តម​រដ្ឋមន្ត្រីបានលើកឡើងនូវអនុសាសន៍សម្រាប់​ការរៀបចំផែនការយុទ្ធសាស្ត្រ​អភិវឌ្ឍន៍​​​​ត្រូវ​ផ្អែ​កលើ​​​៖​ ទី១)​​អនុក្រឹត្យ​​ស្តីពី​ការរៀបចំ​ និងការ​ប្រព្រឹត្តិ​ទៅរបស់ក្រសួងធនធានទឹក និង​ឧតុនិយម​ ទី២)​​គោលនយោបាយជាតិលើ​វិស័យ​ធនធានទឹកនៅ​ក្នុងព្រះរាជាណាចក្រកម្ពុជា​​ ទី៣)​កម្មវិធី​នយោបាយ​​របស់​រាជរដ្ឋាភិបាល​​ និងគោល​នយោបាយ​​អាទិភាព​សំខាន់ៗ​ លើការងារ​​គ្រប់គ្រងធនធានទឹក​ ​និង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធារាសាស្ត្រ​​ ទី៤)​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់​ទី១​ របស់រាជរដ្ឋាភិបាលនីតិកាល​ទី៧​ នៃរដ្ឋសភា។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា​ ការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ​ឆ្នាំ២០២៣​ គឺ​ ដើម្បីពិនិត្យនូវលទ្ធផលការងារសម្រេច​បានផ្អែកលើផែនការ​ការងារឆ្នាំ២០២៣​ ដែល​បានដាក់ចេញ ក្រោម​កិច្ចសហការ និងការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ​ និង​ដៃគូពាក់ព័ន្ធផ្សេងទៀត។ ក្នុងពេល​​នោះដែរ​​​​​​ ក៏ជាឱកាស ដើម្បី​​​ពិភាក្សា​អំពីផែនការ​ដែលត្រូវអនុវត្តបន្តក្នុងឆ្នាំ២០២៤ ​​​ផ្អែក​លើ​ចំណុចខ្លាំង​ និង​ចំណុច​ខ្សោយ​ ​​​ក្នុង​ឆ្នាំ២០២៣ ដើម្បី​​ឱ្យការ​អនុវត្តផែនការការងារឆ្នាំ២០២៤​​ ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត ទទួល​ជោគជ័យ​ និង​សម្រេច​បាន​លទ្ធផល​តាមផែនការគ្រោងទុក​ ​​ក្រោមកិច្ចសហការកាន់តែល្អ​ ​មាន​​ការ​ទទួល​​ខុសត្រូវខ្ពស់ និងការចូលរួមកាន់តែសកម្ម៕