ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំគណៈកម្មការអន្ដរក្រសួងចុះត្រួតពិនិត្យ វាយតម្លៃការស្ថាបផ្លូវក្រួសក្រហម និងសំណង់សិល្បការ្យជនបទ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង


(កោះកុង)៖  ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំគណៈកម្មការអន្ដរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ចុះត្រួតពិនិត្យនិងវាយតម្លៃលទ្ធផលការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសក្រហមចំនួន១ខ្សែ មានប្រវែង ២ ៨០០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងស្ថាបនាសំណង់សិល្បការ្យចំនួន៩កន្លែង រួមមាន លូប្រអប់មុខបីចំនួន ១កន្លែង លូមូលមុខបីចំនួន ៤កន្លែង លូមូលមុខពីរចំនួន ៣កន្លែង និងលូមូលមុខមួយចំនួន ១កន្លែង។

ខ្សែផ្លូវនេះតភ្ជាប់ពីផ្លូវជាតិលេខ៤៨ ទៅស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

បន្ទាប់ពីបានពិនិត្យលើសោភ័ណភាព និងលក្ខណៈបច្ចេកទេសនៃការស្ថាបនាទាំងផ្លូវ និងសំណង់សិល្បការ្យជនបទរួចមក លោករដ្ឋមន្រ្ដីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងវិស្វកម្មលេខ១៧៨ នៃនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ និងការគាំទ្រសហការល្អពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ឯកឧត្តមបានចាត់ទុកថា ផ្លូវមួយខ្សែនេះជាសមិទ្ធផលថ្មីមួយទៀតសម្រាប់បម្រើឱ្យប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ ដើម្បីជាប្រយោជន៍តជំនាន់ផងដែរ។

ឯកឧត្តមរដ្ឋមន្រ្ដី និងប្រតិភូអមដំណើរបានបន្តទស្សនកិច្ចការដ្ឋានសាងសង់ស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ដែលស្ថិតក្នុងភូមិសាស្ដ្រខាងលើ ដែលតំណាងឲ្យការលះបង់និងពលីកម្មគ្រប់បែបយ៉ាងរបស់វីរជនជំនាន់មុន ដើម្បីដណ្តើមបានមកវិញនៅសុខសន្តិភាពពេញលេញ ភាពសម្បូរសប្បាយ និងការអភិវឌ្ឍរីកចម្រើនដូចបច្ចុប្បន្ន៕