ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ចុះជួបសំណេះសំណាលជាមួយអង្គបោះឆ្នោតក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង


(កំពង់ឆ្នាំង)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល​ជាមួយអង្គបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ។

ពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោតខាងលើនេះ ក៏មានការចូលរួមពីសំណាក់លោកជំទាវ កែ ចាន់មុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរង ខេត្ត ប្រធានគណបក្សស្រុក ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុក អភិបាលស្រុក ប្រធានក្រុមប្រឹក្សាឃុំ សមាជិកក្រុមប្រឹក្សាឃុំ សរុបចំនួន ៩៥នាក់។

អង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំទាំង៩ ក្នុងស្រុកកំពង់លែង មានចំនួន ៤៧នាក់ ក្នុងនោះអង្គបោះឆ្នោតរបស់សមាជិកគណបក្សប្រជាជនកម្ពុជា មាន ៣៦រូប បានធ្វើបច្ចុប្បន្នភាពជាប្រចាំ ដើម្បីគ្រប់គ្រងត្រៀមសម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ។ សមាជិកក្រុម ប្រឹក្សាឃុំដែលជាអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាទាំងអស់ គឺមានភាពស្មោះត្រង់ និងមានការជឿជាក់លើការដឹកនាំរបស់គណបក្ស និងគោរពអនុវត្តតាមគោលនយោបាយរបស់គណបក្សជានិច្ចឥតងាករេឡើយ។

នៅក្នុងពិធីសំណេះសំណាលខាងលើនេះឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ក៏បានផ្ដាំផ្ញើបន្ថែមទៀត ចំពោះអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងស្រុកកំពង់លែងទាំងអស់ ដែលកន្លងមកសុទ្ធតែធ្លាប់បានឆ្លងកាត់រួមសុខរួមទុក្ខក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងបានចូលរួមថែរក្សាសុខសន្តិភាព និងចូលរួមអភិ វឌ្ឍនៅក្នុងមូលដ្ឋានឱ្យមានការរីកចម្រើនមកដល់សព្វថ្ងៃនេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានបន្តថា ហេតុនេះយើងត្រូវតែបន្តដំណើរតាមមាគ៌ាដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន ជាបន្តទៀត ដើម្បីរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវ ឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនទាំងក្នុងអាណត្តិទី៧នេះ ក៏ដូចជាអាណត្តិជាបន្តបន្ទាប់ទៀតផងដែរ៕