ឯកឧត្តមបណ្ឌិត​ អូស្មាន​ ហាស្សាន់ ដឹកនាំបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ​នៅខណ្ឌឫស្សីកែវ


នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត​ អូស្មាន​ ហាស្សាន់​ សមាជិកគណៈអចិន្ត្រៃយ៍​ គណៈកម្មាធិការកណ្តាល​គណបក្សប្រជាជនកម្ពុជា​ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌឫស្សីកែវ បានដឹកនាំបិទពិធីយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤​ នៅទីលានប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិតបានថ្លែងថា រយៈពេល១៤ថ្ងៃកន្លងមកនេះ យុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា បានដំណើរការទៅយ៉ាងរលូន ដោយគោរពបានខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បង្កើតបាននូវបរិយាកាសសាមគ្គីជិតស្និត មានការទទួលខុសត្រូវខ្ពស់ និងសុទិដ្ឋិនិយមខ្ពស់ ចំពោះជ័យជម្នះដែលគណបក្សប្រជាជនកម្ពុជា ទទួលបានក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ឯកឧត្តមបន្ដថា «យើងមានជំនឿយ៉ាងមុតមាំថាគណបក្សប្រជាជនកម្ពុជា នឹងទទួលជោគជ័យត្រចះត្រចង់ ដោយមូលហេតុមួយ ចំនួនដូចជា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សរបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន និងឧត្តមគតិរបស់គណបក្ស គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់ជិតស្និតជាមួយប្រជាជនក្នុងគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីប្រទេសជាតិមាតុភូមិ»

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានបន្ថែមថា គ្រប់ការបោះឆ្នោតទាំងអស់ គណបក្សតែងដាក់ចេញនូវកម្មវិធីនយោបាយមួយដែលត្រឹមត្រូវ និងស្របតាមសភាពការណ៍ជាក់ស្តែង របស់ប្រទេសជាតិក្នុងដំណាក់កាលនីមួយៗ។ លើសពីនេះគណបក្សអនុវត្តគោលនយោបាយការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រកបដោយភាពទន់ភ្លន់ និងម៉ឺងម៉ាត់ ការពារបាននូវឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីបានយ៉ាងគត់មត់តាមការកំណត់របស់រដ្ឋធម្មនុញ្ញ។

ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល បាននិងកំពុងរស់នៅក្នុងសុខសន្តិភាពក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ក្រោមម្លប់ដ៏ត្រជាក់របស់ព្រះមហាក្សត្រជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត និងក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បច្ចុប្បន្ន។

សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ គណបក្សប្រជាជនកម្ពុជាបានដាក់ចេញនូវគោលនយោបាយធំៗ ជាអាទិ៍ ជ្រោងទង់មហាសាមគ្គីជាតិ នៅក្រោមដំបូលរដ្ឋធម្មនុញ្ញ និងក្រោមម្លប់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ថែរក្សាសន្តិភាព និងកេរ្ត៍ដំណែលជាប្រវត្តិសាស្ត្ររបស់គណបក្ស ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឲ្យបានរឹងមាំ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម បន្តជំរុញការកែទម្រង់រដ្ឋស៊ីជម្រៅ ពង្រឹងរដ្ឋបាលសាធារណៈនៅគ្រប់ថ្នាក់ រក្សាស្ថិរភាពក្នុងការរស់នៅរបស់ប្រជាជនតាមរយៈការអភិវឌ្ឍ និងការពង្រឹងប្រព័ន្ធគាំពារសង្គម រក្សាស្ថិរភាព និងគុណភាពរស់នៅ របស់ប្រជាពលរដ្ឋ។

សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ បានប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១០-២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយការបោះឆ្នោត នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ។ ខណៈនៅថ្ងៃទី២៤ ខែកុម្ភៈស្អែកនេះ ជាថ្ងៃស ដែលតម្រូវឲ្យបណ្ដាគ្រប់គណបក្សនយោបាយទាំងអស់រក្សាភាពស្ងប់ស្ងាត់៕