បណ្ឌិត ថោង ខុន អញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ


ដោយបានទទួលការប្រគល់ភារកិច្ចពីលោក វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ, លោកបណ្ឌិត ថោង ខុន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតនេះបានធ្វើឡើងដោយមានការចូលរួមពីលោក ងួន រតនៈ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ លោក លោកស្រី ជាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងក្រុងស្ទឹងសែន លោក លោកស្រី ជាសមាជិកគណៈកម្មាធិការគណបក្សខេត្ត, គណៈកម្មាធិការគណបក្សក្រុងស្ទឹងសែន, យុវជនគណបក្សក្រុង សមាជិកក្រុមប្រឹក្សាសង្កាត់ដែលជាអង្គបោះឆ្នោត និងមានសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀត។

លើកឡើងនាឱកាសនោះតាងនាមលោក វង្សី វិស្សុត, លោកបណ្ឌិត ថោង ខុន ក៏បានពាំនាំនូវការសាកសួរសុខទុក្ខ និងនឹករឭកពីសម្តេចប្រមុខទាំង៣ គឺសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ជូនដល់មន្រ្តី និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់នៅខេត្តកំពង់ធំ។

ជាមួយគ្នានោះក្រៅពីការថ្លែងអំណរគុណចំពោះក្រុមការងារ និងមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ហើយនោះ, លោកបណ្ឌិត ថោង ខុន បានបញ្ជាក់ថា ការចូលរួមរបស់សមាជិក សមាជិកាបក្សនាពេលនេះ មិនគ្រាន់តែបង្ហាញឲ្យឃើញនូវកម្លាំងសាមគ្គីនិងឯកភាពផ្ទៃក្នុងបក្សដ៏រឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីទឹកចិត្ត ឆន្ទះ ក្តីស្រលាញ់ គាំទ្រ និងជឿជាក់មកលើគណបក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាបេក្ខភាពប្រធានព្រឹទ្ធសភា នីតិកាលទី៥នេះផងដែរ។ បើមិនមានការចូលរួម និងគាំទ្ររបស់សមាជិកបក្ស និងប្រជាពលរដ្ឋទេ គណបក្សប្រជាជនកម្ពុជាក៏មិនអាចឈរជើង និងដឹកនាំប្រទេសជាតិឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យមកដល់សព្វថ្ងៃនេះបានដែរ។

លោកបណ្ឌិត ថោង ខុន បានបន្ថែមថា គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចទាំង៣ ជាប្រមុខ បានការពារយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដែលបានធានាដល់ការរស់នៅដ៏សុខសាន្តរបស់ប្រជាជន ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យ។ សមិទ្ធផលថ្មីៗជាច្រើនអនេក រួមមាន៖ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្រ្ត បណ្តាញទឹកស្អាត អណ្តូងទឹក ភ្លើងអគ្គីសនី ប្រព័ន្ធពត៌មាន រោងចក្រ កសិដ្ឋាន សំណង់តូចធំ មណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ វត្តអារាម ។ល។

សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានដាក់ចេញកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ ដើម្បីធានាការពារសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម លើកកម្ពស់សុខមាលភាព ជីវភាពរស់នៅរបស់ប្រជាជន ផ្តល់សេវាសាធារណៈឲ្យខិតជិតប្រជាជន បង្កើនកិច្ចគាំពារសង្គមជូនជនក្រីក្រ ឆ្លើយតបទៅនឹងបំណងប្រាថ្នា និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនគ្រប់ៗរូបគ្រប់មូលដ្ឋាន។

លោកបណ្ឌិត បានបន្ថែមថា មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ដែលជាបង្អែកដ៏រឹងមាំ កក់ក្តៅ និងជាក្តីសង្ឃឹមពិតប្រាកដរបស់ប្រជាជនកម្ពុជា ក្នុងការដឹកនាំសង្គមជាតិឲ្យបន្តឈានទៅមុខលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍឆ្ពោះទៅរកអនាគតដ៏រុងរឿង។ ដូច្នេះយើងទាំងអស់គ្នា ក្នុងនាមជាមន្រ្តី និងសមាជិក សមាជិកាគណបក្សប្រជាជន កម្ពុជាគ្រប់លំដាប់ថ្នាក់ សូមប្តេជ្ញាចូលរួមថែរក្សាសន្តិភាព ថែរក្សារាល់សមិទ្ធផលទាំងឡាយរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ហើយសូមគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពប្រធានព្រឹទ្ធសភា នីតិកាលទី៥នេះ។

ជាមួយគ្នានោះដែរលោកបណ្ឌិត ថោង ខុន បានបន្ថែមថា នៅថ្ងៃទី ២៤ ខែកុម្ភៈ គឺជាថ្ងៃស្ងប់ស្ងាត់ ដូចនេះសូមសមាជិក សមាជិការក្រុមប្រឹក្សាឃុំសង្កាត់ដែលជាអង្គបោះឆ្នោត សូមថែរក្សាសុខភាពឲ្យបានល្អ, ហាមពិសារគ្រឿងស្រវឹង, កុំចេញទៅណាឆ្ងាយៗ, និងត្រៀមលក្ខណៈទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងនៅលំដាប់លេខរៀងទី ១ នៅលើសន្លឹកឆ្នោត នៅថ្ងៃអាទិត្យ ទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឲ្យបានគ្រប់ៗគ្នា។

សូមបញ្ជាក់ដែរថា បន្ទាប់ពីលោកបណ្ឌិត ថោង ខុន បានអញ្ជើញថ្លែងសារបិទយុទ្ធនាការរួចមក ក្បួនដង្ហែបិទយុទ្ធនាការឃោសនាបោះឆ្នោតដែលមានសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាប្រមាណជាង ១ ០០០នាក់ ក៏បានចាប់ផ្តើមហែរក្បួនចេញពីទីស្នាក់ការបក្សខេត្ត ទៅតាមសង្កាត់ទាំង០៨ នៃក្រុងស្ទឹងសែនផងដែរ៕