ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា អនុញ្ញាតឱ្យគណៈប្រតិភូធនាគារពិភពលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យគណៈប្រតិភូធនាគារពិភពលោក (World Bank) ដឹកនាំដោយលោកស្រី Sudeshna Ghosh Banerjee នាយិកាប្រចាំតំបន់ ទទួលបន្ទុកការងារហេដ្ឋារចនាសម្ព័ន្ធនៅតំបន់អាស៊ីបូព៌ា និងតំបន់ប៉ាស៊ីហ្វិក (Regional Director for Infrastructure in East Asia, and the Pacific Region) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនផ្សេងទៀត។

ក្នុងជំនួបនាកាសនេះអង្គប្រជុំបានធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុលផុស ជុំវិញការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ក្នុងប្រទេសកម្ពុជា ដែលបានធ្វើសមាហរណកម្មតភ្ជាប់ពីតំបន់មួយ ទៅតំបន់មួយនៅគ្រប់ច្រកល្ហក ព្រមទាំងលើកឡើងពីការពិនិត្យលទ្ធភាព និងឱកាសក្នុងការវិនិយោគបន្ថែមពីធនាគារពិភាពលោក។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ក៏បានជម្រាបអំពីគោលនយោបាយជាអាទិភាពគន្លឹះ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមានគោលដៅប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

បន្ថែមពីលើនេះឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីការយកចិត្តទុកដាក់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សបន្ថែម តាមរយៈវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដោយរំពឹងថា កម្ពុជានឹងទទួលបានកិច្ចសហប្រតិបត្តិការក្រោមរូបភាពណាមួយពីធនាគារពិភពលោកនាពេលអនាគត៕