សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កីឡាដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យការទូត និងទំនាក់ទំនងអន្ដរជាតិ


សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងឱកាសប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជូនជ័យលាភីមេដាយមាស ប្រាក់ និង មេដាយសំរឹទ្ធិ គ្រូបង្វឹក និងគ្រូជំនួយពីការប្រកួតកីឡានានា បានលើកឡើងថា វិស័យកីឡា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យការទូត និងទំនាក់ទំនងអន្ដរជាតិ។

បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, ការចូលរួមប្រកួតកីឡា បានឆ្លុះបញ្ចាំងនូវការរឹតចំណងមិត្តភាព សាមគ្គីភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងរដ្ឋ និងប្រជាជន នៃប្រទេសចូលរួមទាំងអស់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «វិស័យកីឡា ដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យការទូត និងទំនាក់ទំនងអន្តរជាតិ។ ការចូលរួមក្នុងការប្រកួតកីឡា ឆ្លុះបញ្ចាំងនូវការរឹតចំណងមិត្តភាព, សាមគ្គីភាព, ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរដ្ឋ និង ប្រជាជន នៃប្រទេសចូលរួមទាំងអស់»

តាមរយៈការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ (SEA Games 2023) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីខែឧសភា ឆ្នាំ២០២៣, កម្ពុជាទទួលបានមេដាយច្រើនលើសពីការរំពឹងទុក, ក្នុងនោះយើងទទួល បានមេដាយមាស ៨១ គ្រឿង, មេដាយប្រាក់ ៧៤គ្រឿង និង មេដាយសំរឹទ្ធ ១២៧គ្រឿង។ នេះបើតាមការឲ្យដឹងពីសម្ដេចធិបតី ហ៊ុន ម៉ាណែត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ក្រៅពីការទទួលបានជ័យជម្នះលើការប្រកួត, ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនេះ បានលើកមុខមាត់ កិត្តិយស និងកិត្យានុភាពជាតិ លើឆាកអន្តរជាតិ, ជាពិសេស ការរឹតចំណងការទូត និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងបណ្តាប្រទេសជាមិត្ត ដើម្បីលើកកម្ពស់ មិត្តភាព, ពង្រឹង និង ពង្រីកទំនាក់ទំនងអន្តរជាតិ, និងជំរុញសកម្មភាពសេដ្ឋកិច្ច តាមរយៈវិស័យទេសចរណ៍។

លើសពីនេះ សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងបន្ថែមថា ឧត្តមប្រយោជន៍ជាតិធំមួយទៀត គឺការធ្វើឱ្យយុវជន និង ប្រជាពលរដ្ឋ, បង្កើនស្មារតីស្រឡាញ់ជាតិមាតុភូមិ, ការពង្រឹងសាមគ្គីភាព និងមិត្តភាព ដែលការណ៍នេះរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងឯកភាពជាតិ និងសុខសន្តិភាពនៅកម្ពុជា។។

សម្ដេចក៏បានគូសបញ្ជាក់ដែរថា កីឡារួមចំណែកដល់ការរក្សាបានកម្លាំងកាយរឹងមាំ និង លើកកម្ពស់ សុខភាពល្អនៃធនធានមនុស្ស ដែលជាកត្តាកំណត់ដ៏សំខាន់នៃផលិតភាពពលកម្ម និងភាពរឹងមាំ នៃសេដ្ឋកិច្ចជាតិ។ ប្រជាពលរដ្ឋដែលមានសុខភាពល្អ, រស់នៅដោយភាពរីករាយ, ងាយចាប់ យកចំណេះដឹង និង បច្ចេកវិទ្យាថ្មីៗ, មានការតាំងចិត្ត និង ក្តីសង្ឃឹមខ្ពស់ ក្នុងការបង្កើនមូលធនមនុស្ស៕