អភិបាលខេត្តកំពង់ចាម បើកវគ្គបណ្ដុះបណ្ដាល ដើម្បីអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការតាមក្រុងស្រុក


អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាល ស្តីពី ប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការ ក្នុងគោលបំណងពង្រឹង និងអភិវឌ្ឍន៍សមត្ថភាព មន្ត្រីរាជការ ក្រុង ស្រុក នៃរដ្ឋបាលខេត្តកំពង់ចាម។ សិក្ខាសាលានេះ ធ្វើឡើងនៅសាលប្រជុំធំ សាលាខេត្តកំពង់ចាម មានរយៈពេល៣ថ្ងៃ។

ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា នេះជាវគ្គបណ្តុះបណ្តាលប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការលើកទី១ សម្រាប់មន្ត្រីរដ្ឋបាលក្រុង ស្រុក ដែលមានមុខតំណែងជាអនុប្រធានការិយាល័យ អនុប្រធានអង្គភាព ទាំង១៣ ចំណុះក្រុង ស្រុក ក្នុងខេត្តកំពង់ចាម ក្រោមការផ្តួចផ្តើមឡើងដោយគណៈអភិបាលខេត្ត ក្នុងគោលបំណងពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការក្រុង ស្រុក នៃរដ្ឋបាលខេត្តកំពង់ចាម។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា យោងតាមប្រកាសលេខ ៦៦០៦ ប្រក ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ ស្ដីពីការអភិវឌ្ឍសមត្ថភាពរបស់មន្ត្រីរាជការស៊ីវិល នៅទីស្តីការក្រសួងមហាផ្ទៃ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ បានបំពេញតួនាទីយ៉ាងល្អប្រសើរ ក្នុងការអភិវឌ្ឍសមត្ថភាពជូនមន្ត្រីរាជការ ឲ្យបានយ៉ាងហោចណាស់ ៣០ម៉ោង ក្នុង១ឆ្នាំ។

ឯកឧត្តមថា នេះជារបៀបវារៈមួយ ដែលបានចូលរួមចំណែកលើកកម្ពស់អភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការស៊ីវិលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យមានសមត្ថភាពវិជ្ជាជីវៈ ក្នុងការបំពេញការងារ និងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ រួមចំណែកអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា ដើម្បីជាក្របខ័ណ្ឌរួមក្នុងការកសាងស្ថាប័នរដ្ឋមួយរឹងមាំ និងឯករាជ្យដែលមានប្រព័ន្ធអភិបាលកិច្ច ត្រូវបានធ្វើទំនើបកម្មជាប្រចាំ គ្រប់ជ្រុងជ្រោយ មានភាពធន់ និងមានប្រសិទ្ធភាព និងសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចក្នុងល្បឿនខ្ពស់ដែលត្រូវបានទទួលស្គាល់ទាំងក្នុងតំបន់ និងសកលលោក។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ជាការពិតណាស់ បើមន្ដ្រីនៅថ្នាក់មូលដ្ឋានមានសមត្ថភាពបំពេញការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ជាឱកាសពិសេសសម្រាប់ការប្រែក្លាយកម្ពុជា ដែលជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងរយៈពេលខ្លីជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ និងការកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័ស ព្រមទាំងការធ្វើសមាហរណកម្មដោយជោគជ័យទៅក្នុងតំបន់ និងសកលលោក។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា ជោគជ័យដ៏ធំធេង និងត្រចះត្រចង់ខាងលើ បានមកពីកិច្ចខិតខំប្រឹងប្រែងយ៉ាងប្ដូរផ្តាច់របស់រាជរដ្ឋាភិបាល ដែលប្រកាន់ខ្ជាប់នូវការតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ ព្រមទាំងការអនុវត្តការកែទម្រង់ជាប្រចាំ ដោយមានការគាំទ្រពីគ្រប់ដៃគូអភិវឌ្ឍន៍ និងតួអង្គពាក់ព័ន្ធ ក៏ដូចជាការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាជនគ្រប់ស្រទាប់ជាន់ថ្នាក់ផងដែរ៕