ក្រសួងមុខងារសាធារណៈ រៀបចំដំណើរប្រឡងជ្រើសរើសមន្ដ្រីរាជការ ក្របខ័ណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ, បេក្ខជនចំនួន២,៤៧៩អង្គ/នាក់ ចូលរួមប្រឡង


ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ផ្តើមនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤នេះ ដោយមានការអញ្ជើញបើកវិញ្ញាសាដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។

ក្នុងឱកាសនោះ ក៏មានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសាកលវិទ្យាល័យនានា រួមទាំងមហាជនដែលបានចុះឈ្មោះសង្កេតការណ៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)។

ការប្រឡងប្រជែងនាថ្ងៃនេះ មានបេក្ខជនចូលរួមចំនួន២,៤៧៩ អង្គ/នាក់ (ស្រី១១៩៩នាក់) មកពីបណ្តារាជធានី-ខេត្ត ទូទាំងប្រទេស។

ការប្រឡងចាប់ផ្តើមនាវេលាម៉ោង០២៖០០នាទីរសៀល លើវិញ្ញាសាដែលពាក់ព័ន្ធនឹងក្រមព្រហ្មទណ្ឌ ក្រុមនីតិវិធីព្រហ្មទណ្ឌច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ និងច្បាប់មួយចំនួនទៀតរួមទាំងការវិភាគបទល្មើស ចំណេះដឹងទូទៅ ភាសាអង់គ្លេស និងកុំព្យូទ័រ៕