ឯកឧត្តម សុះ មុះសិន និងលោកជំទាវ បានអញ្ជើញចុះសួរសុខទុក្ខនិងចែកអំណោយដល់គ្រួសាររងគ្រោះដោយអគ្គិភ័យក្នុងស្រុកបារាយណ៏ ខេត្តកំពង់ធំ


ឯកឧត្តម សុះ មុះសិន សមាជិករដ្ឋសភា និងជាអនុប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនដល់គ្រួសាររងគ្រោះដោយអគ្គីភ័យឆេះផ្ទះ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤វេលាម៉ោង ៥:៣០នាទីល្ងាច បណ្ដាលឱ្យខូចខាតផ្ទះសង់អំពីឈើមួយខ្នង ដំបូលប្រក់ក្បឿង ឆេះអស់ទាំងស្រុង ចំនួន០៧ខ្នង និងរបួស០១នាក់ នៅភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយ ខេត្តកំពង់ធំ ។ ពិធីក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្តកំពង់ធំ លោកអភិបាលរងស្រុក ព្រមទាំងយុវជនស.ស.យ.កខេត្តកំពង់ធំ និងក្រុមការងារយ៉ាងច្រើនកុះករផងដែរ ។

ឯកឧត្តមបានសម្តែងនូវការសោកស្តាយជាពន់ពេក និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសាររងគ្រោះ ចំពោះឧប្បត្តិហេតុ មិននឹកស្មានដល់នេះ ដែលវាបានបំផ្លាញលំនៅដ្ឋាន ចំនួន០៧ខ្នងផ្ទះ ស្មើនិង១៣គ្រួសារ ។

ឯកឧត្តមបានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ពីគ្រោះអគ្គីភ័យ ដែលអាចកើតមានគ្រប់ពេល ប្រសិនបើ មានការធ្វេសប្រហែស។ ជាមួយគ្នានោះដែរ ឯកឧត្តមបានលើកទឹកចិត្តដល់ក្រុមគ្រួសារ សូមកាត់ចិត្ត និងក្រើនរំឮកបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយនានា និងបានលើកទឹកចិត្តដល់បងស្រីរងគ្រោះត្រូវរឹងមាំ ខិតខំកសាងជីវភាពឡើងវិញ ព្រមទាំងរៀបចំទុកដាក់កូនៗឱ្យបានរៀនសូត្រ ដើម្បីអនាគតគ្រួសារ។

ឯកឧត្តមបានបញ្ជាក់ថា ថ្ងៃនេះឯកឧត្តមបានពាំនាំអំណោយមនុស្សធម៌ជូនគ្រួសាររងគ្រោះ រួមមាន ថវិកាចំនួន ១,៦៩៣,៣០០រៀល សម្ភារៈមួយចំនួន ដូចជា : អង្ករ ៥០គីឡូក្រាម មី០១កេស ឆ្នាំងបាយអគ្គីសនី០១ កំសៀវដាំទឹកអគ្គីសនី០១ ។

ពិធីនេះប្រព្រឹត្តទៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤