ក្នុងជំនួបជាមួយសម្តេចធិបតី, ក្រុមហ៊ុន Aegros និង Freshstart Logistics របស់អូស្ត្រាលី បង្ហាញបំណងវិនិយោគ វិស័យសុខាភិបាលនៅកម្ពុជា


ក្រុមហ៊ុន Aegros និង Freshstart Logistics ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន FreshStart របស់ប្រទេសអូស្ត្រាលី បានបង្ហាញបំណងវិនិយោគលើវិស័យសុខាភិបាល​នៅ​​កម្ពុជា។

បំណងនេះ ត្រូវបានបញ្ជាក់ដោយលោក Daniel Phillips ប្រធានក្រុមហ៊ុន FreshStart ពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤នេះ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។

ក្នុងជំនួបនោះ លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹក​អនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកប្រធានក្រុម​ហ៊ុន បានជម្រាបសម្ដេចធិបតីថា ក្រុមហ៊ុន Freshstart Logistics កំពុងតែមានប្រតិបត្តិការអាជីវកម្ម​នៅតាមបណ្ដាប្រទេសជាច្រើនក្នុងតំបន់អាស៊ី និងជុំវិញពិភពលោក ដោយផ្ដោតលើ​សេវាកម្ម​ផ្នែកដឹក​ជញ្ជូន ឡូជីស្ទីក ខ្សែច្រវាក់ផ្គត់ផ្គង់ និងឃ្លាំងស្តុកទំនិញជាដើម។ ដោយឡែកក្រុមហ៊ុន Aegros ជា​បុត្រ​សម្ព័ន​មួយក្រុមហ៊ុន Freshstart គឺជាក្រុមហ៊ុន​មានអាជីវកម្ម​លើ​វិស័យសុខាភិបាល។

នៅចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត, លោកប្រធានក្រុមហ៊ុន បានជម្រាបបំណង​របស់ក្រុមហ៊ុន​ក្នុង​ការស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យជាច្រើន ដែលរួមទាំងវិស័យឡូជីស្ទីក ថាមពល និងវិស័យ​សុខា​ភិបាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ប្រកបដោយក្តីសោមនស្សរីករាយ ចំពោះជំនួបពិភាក្សា​ការងារ​ជាមួយលោកប្រធានក្រុមហ៊ុន។ សម្តេចធិបតី បានឆ្លៀតជម្រាបប្រធានក្រុមហ៊ុនអូស្ត្រាលី អំពីការដាក់​ចេញ​គោលនយោបាយ និងបទប្បញ្ញត្តិផ្សេងៗក្នុងការគាំទ្រដល់បរិយាកាសវិនិយោគនៅកម្ពុជា។

សម្ដេចធិបតី ក៏បានបញ្ជាក់ផងដែរថា កម្ពុជា គឺជាប្រទេសមួយមានសក្តានុពល និងកាលានុវត្តភាព​សម្រាប់​ការវិនិយោគ។ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តឱ្យក្រុមហ៊ុន​សិក្សាស្វែង​យល់​បន្ថែមទៀតអំពីកម្ពុជា ដើម្បីពង្រីកការវិនិយោគលើវិស័យផ្សេងៗទៀតនៅកម្ពុជា។

ពាក់ព័ន្ធវិស័យសុខាភិបាល សម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានជំរុញការ​អនុវត្ត​វិធាន​ការ​គន្លឹះក្នុងវិស័យសុខាភិបាល ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន តាមរយៈការ​ពង្រឹង​សមត្ថភាពផ្តល់សេវាសុខភាពនៅមូលដ្ឋាន។

បន្ថែមពីលើនេះ សម្ដេចធិបតី ក៏បានរំលេចផងដែរថា រាជរដ្ឋាភិបាលក៏បានដាក់ចេញបទបញ្ញត្ត និងវិធានការនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងឱសថ និងផលិតផលសុខាភិបាលក្លែងក្លាយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយដៃគូ​នៅកម្ពុជាបន្ថែមទៀត​ពាក់ព័ន្ធបំណងរបស់ក្រុមហ៊ុនលើការវិនិយោគក្នុងវិស័យសុខាភិបាល និងសហការជាមួយក្រសួង​-ស្ថាប័ន​ពាក់ព័ន្ធ​របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសុខាភិបាល៕