អភិបាលរងខេត្តរតនគិរី អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋភូមិឡូន សង្កាត់យក្ខឡោម ក្រុងបានលុង


ឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលរងខេត្តរតនគិរី នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់អចលនវត្ថុនៅភូមិឡូន សង្កាត់យក្ខឡោម ក្រុងបាលលុង ខេត្តរតនគិរី ចំនួន ៣១៦វិញ្ញាបនបត្រ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ពីលោកមេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាព និងអាជ្ញាធរក្រុងបានលុងព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូបផងដែរ។

ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទទួលវិញ្ញាបនបត្រដីធ្លីពេលនេះ ឯកឧត្តម ខ័ណ្ឌចំណាន បានលើកឡើងថា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល បានកំណត់ការគ្រប់គ្រងដីធ្លី តាមរយៈការជំរុញការចុះបញ្ជីដីដែល រួមមាន៖

*ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ
*ការចុះបញ្ជីមានលក្ខណៈដាច់ដោយដុំ
*ការចុះបញ្ជីបំពេញបន្ថែម
*ការចុះបញ្ជីបន្ត
*ការចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិច
*ការចុះបញ្ជីដីរដ្ឋ ព្រមទាំងផ្តល់ប័ណ្ណកម្មសិទ្ធិជូនអ្នកកាន់កាប់ដីដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ត្រឹមត្រូវតាមលក្ខណៈច្បាប់។

ជាមួយគ្នានេះ ក៏បានដាក់ចេញវិធានការទប់ស្កាត់ការចូលកាន់កាប់ដីរដ្ឋដោយខុសច្បាប់ និងបន្តពិនិត្យធ្វើ ប្រទានកម្មជូនប្រជាពលរដ្ឋ ដែលរស់នៅ និងអាស្រ័យផលជាក់ស្ដែងព្រមទាំងការជំរុញការដោះស្រាយវិវាទដីធ្លី ក្រៅប្រព័ន្ធតុលាការ ការដោះស្រាយតាមរយៈគណៈកម្មការសុរិយោដីថ្នាក់ក្រុង ស្រុក ខេត្ត និងថ្នាក់ជាតិ។

ឯកឧត្តមបន្តថា កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក៏ត្រូវបានកំណត់ ជាអាទិភាព ហើយអាចដំណើរការបានដោយជោគជ័យអាស្រ័យដោយមានការចូលរួមអនុវត្តពីអាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋ និងគ្រប់ភាគីដែលពាក់ព័ន្ធ។

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលពុកម៉ែទទួលបាននាពេលនេះ ពិតជាមានសារសំខាន់ណាស់សម្រាប់បងប្អូនដែលជាម្ចាស់កម្មសិទ្ធិ ដែលអាចបញ្ជាក់ពីសិទ្ធិស្របច្បាប់នៃការរស់នៅ និងកាន់កាប់ដីធ្លី ភាពច្បាស់លាស់ នៃព្រំប្រទល់ដី លុបបំបាត់នូវវិវាទដីធ្លី អាចយកទៅតតាំងជាមួយតតិយជន អាចយកទៅដាក់បានប្រាក់ (ខ្ចីប្រាក់) ពីគ្រឹះស្ថានហិរញ្ញវត្ថុ និងអាចយកទៅប្រើប្រាស់ផ្សេងៗ តាមដែលអាចធ្វើបាន។

សូមបញ្ជាក់ថា វិញ្ញាបនបត្រដែលធ្វើការចែកជូនប្រជាពលរដ្ឋភូមិឡូន សង្កាត់យក្ខឡោម មានចំនួន ៣១៦ វិញ្ញាបនបត្ររួមមាន៖ទីលំនៅឋានចំនួន ១៥៥ក្បាលដី,ដីកសិកម្មចំនួន ១៥៩ ក្បាលដី, ដីរដ្ឋចំនួន ០១ក្បាលដី, ដីគណបក្សចំនួន ០១ ក្បាលដី៕