សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានក្រុមហ៊ុនគ្រប់គ្រងកំពង់ផែជួបសម្តែងការគួរសម


នៅព្រឹកថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Enrique Razon ប្រធានក្រុមហ៊ុន International Container Terminal Service, Inc. (ICTSI) ជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សូមបញ្ជាក់ថា ICTSI គឺជាក្រុមហ៊ុនពហុជាតិ និងអន្តរជាតិដ៏ធំបំផុតមានមូលដ្ឋាននៅប្រទេសហ្វីលីពីន ដែលបានបង្កើតឡើងនៅឆ្នាំ១៩៨៧ ដោយប្រកបអាជីវកម្មលើវិស័យគ្រប់គ្រងកំពង់ផែ ដោយមានប្រតិបត្តិការអាជីវកម្មនៅអាស៊ីប៉ាស៊ីហ្វិក អាមេរិក អឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិក ហើយក្រុមហ៊ុននេះត្រូវបានជាប់ចំណាត់ថ្នាក់ជាស្ថានីយកុងតឺន័រធំជាងគេទី៨។

ក្រុមហ៊ុន ក៏មានប្រតិបត្តិការអាជីវកម្មអភិវឌ្ឍ គ្រប់គ្រង និងប្រតិបត្តិការកំពង់ផែ និងសេវាគ្រប់គ្រងថែទាំ និងដឹកជញ្ជូនទំនិញ។ ក្រុមហ៊ុន ICTSI ក៏បាននឹងកំពុងពង្រីកឱកាសវិនិយោគនៅកម្ពុជាបន្ថែមទៀតលើវិស័យកំពុងផែ៕