ឯកឧត្តមបណ្ឌិត សូ ណារ៉ូ៖ នាយករដ្ឋមន្ដ្រីអូស្ដ្រាលី ប្រកាសថា ឆ្នាំ២០៤០ អាស៊ាននឹងក្លាយជាមហាអំណាចលំដាប់លេខ៤


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត សូ ណារ៉ូ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី តាមរយៈសន្និសីទសារព័ត៌មាន នៅយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំពិសេសអាស៊ាន-អូស្ដ្រាលី នៅទីក្រុងម៉ែលប៊ន ដែលមានការអញ្ជើញចូលរួមពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាដែរនោះ លោក Anthony Albanese នាយករដ្ឋមន្ដ្រីអូស្ដ្រាលី បានប្រកាសថា នៅឆ្នាំ២០៤០ អាស៊ាននឹងក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៤ នៅលើពិភពលោក។

ក្រៅពីការប្រកាសបែបនេះ ឯកឧត្តមនាយករដ្ឋមន្ដ្រីអូស្ដ្រាលី ក៏បានគូសបញ្ជាក់អំពីការអបអរសាទរយ៉ាងក្លៀវក្លា ចំពោះសមិទ្ធផលរយៈពេល៥០ឆ្នាំមកនេះ នៃទំនាក់ទំនងជាមិត្តភាពដៃគូសន្ទនាដ៏យូរអង្វែងរវាងអាស៊ាន និងអូស្ដ្រាល ហើយលោកបានអះអាងថា អាស៊ាន គឺជាវាសនាអនាគតរបស់អូស្ដ្រាលី។ នេះបើតាមអ្វីដែលលោកបណ្ឌិត សូ ណារ៉ូ បានគូសបញ្ជាក់បន្ថែម។

ក្នុងសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទៅកាន់ប្រទេសអូស្ដ្រាលី ឯកឧត្តមបណ្ឌិត សូ ណារ៉ូ បានថ្លែងយ៉ាងដូច្នេះថា «ក្នុងកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុប នាយករដ្ឋមន្ដ្រីអូស្ដ្រាលី បានបញ្ជាក់ថា យើងអបអរសមិទ្ធផល៥០ឆ្នាំ ជាមិត្តភាពដៃគូសន្ទនាដ៏យូរអង្វែង ហើយនៅឆ្នាំ២០៤០ខាងមុខ អាស៊ាននឹងក្លាយជាមហាអំណាចដ៏ធំលំដាប់លេខ៤ នៃពិភពលោកជាងតំបន់ណាទាំងអស់ អាស៉ីអាគ្នេយ៍ គឺជាវាសនាអនាគតរបស់ប្រទេសអូស្ដ្រាលី»

ជាមួយនឹងការបង្ហាញនូវក្ដីរំពឹងបែបនេះ លោក Anthony Albanese បានលើកឡើងទៀតថា អូស្ដ្រាលី ចង់ចូលរួមចំណែកក្នុងវិបុលភាពនេះ ពោលមិនមែនគ្រាន់តែជាអ្នកឈរមើលប៉ុណ្ណោះទេ រដ្ឋាភិបាលអូស្ដ្រាលីបានប្រកាសនូវផែនការបង្កើនវិនិយោគទុននៅក្នុងតំបន់អាស៉ីអាគ្នេយ៍ ដែលមានតម្លៃ២ពាន់លានដុល្លារអូស្ដ្រាលី ដើម្បីជំរុញពាណិជ្ជកម្មវិនិយោគទុននៅក្នុងតំបន់ ដែលកំពុងដុះដាលសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនេះ។

បើតាមឯកឧត្តមបណ្ឌិត សូ ណារ៉ូ, កិច្ចសហប្រតិបត្តិការនេះលើវិស័យចំនួន៤ គឺវិស័យធុរកិច្ច អប់រំ សង្គមស៉ីវិល និងរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិត សូ ណារ៉ូ ក៏បានឲ្យដឹងថា ក្នុងកិច្ចប្រជុំពិសេសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាស៊ាន-អូស្ដ្រាលី បានផ្សាភ្ជាប់គ្នាតាមរយៈភូមិសាស្ដ្រនៅជិតគ្នា និងលក្ខណៈសម្បត្តិរួម ប្រជាជាតិដែលមានការគោរពឲ្យតម្លៃគ្នាដល់ភាពចម្រុះនៃវប្បធម៌ និងការរួមរស់ជាមួយគ្នាដោយសន្ដិភាព។

ឆ្លងកាត់រយៈពេល៥០ឆ្នាំកន្លងមកនេះ ភាពជាដៃគូរវាងអាស៊ាន-អូស្ដ្រាលី បានបង្ហាញនូវភាពរឹងមាំនៅគ្រប់កាលៈទេសៈទាំងអស់ ដែលជាតឹកតាងបញ្ជាក់ពីភាពជាដៃគូដែលអាចទុកចិត្តបាន និងផ្អែកទៅលើការគ្រប់គ្នាទៅវិញទៅមកនៅក្នុងការរក្សាការពារឲ្យបានដាច់ខាតនូវសន្ដិភាព និងការលើកកម្ពស់វិបុលភាព ស្របតាមគំនិតដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយអាសា៊ន-អូស្ដ្រាលី។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញឲ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនៃតំបន់សេដ្ឋកិច្ចសេរីអាស៊ាន-អូស្ដ្រាលី-ញូហ្សែលែន, ការកសាងហេដ្ឋារចនាសម្ព័ន្ធបណ្ដុះបណ្ដាលធនធានមនុស្សដែលអូស្ដ្រាលីមានកម្រិតអប់រំដ៏មានគុណភាព ហើយគាំទ្រការបើកមជ្ឈមណ្ឌលអាស៊ាន-អូស្ដ្រាលី នាពេលខាងមុខ។

ឯកឧត្តមបណ្ឌិត សូ ណារ៉ូ បានបន្ថែមថា នៅចុងបញ្ចប់នៃកិច្ចប្រជុំពិសេសអាស៊ាន-អូស្ដ្រាលី មេដឹកនាំទាំងអស់បានអនុម័តនូវឯកសារចំនួន២សំខាន់ៗ គឺសេចក្ដីប្រកាសចក្ខុវិស័យរួមរវាងថ្នាក់ដឹកនាំអាស៊ាន-អូស្ដ្រាលី ភាពជាដៃគូសន្ដិភាព និងវិបុលភាព និងសេចក្ដីថ្លែងការណ៍ទីក្រុងម៉ែលប៊ន ក្នុងគោលដៅបន្ដពង្រឹងឲ្យស៉ីជម្រៅកិច្ចសហប្រតិបត្តិការជិតស្និតក្នុងភាពជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ មានជំនឿទុកចិត្តគ្នា ថែរក្សាការពារស្ថេរភាព និងសន្ដិសុខក្នុងតំបន់ ថែរក្សាអនាគតប្រកបដោយវិបុលភាពរួមគ្នា ជំរុញអនាគតប្រកបដោយចីរភាព៕