គណៈប្រតិភូ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះស្វែងយល់អំពីការអនុវត្តច្បាប់ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់


(ពោធិ៍សាត់)៖ គណៈប្រតិភូ គណៈកម្មការទី៦ នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម អង្គ​ វង្សវឌ្ឍនា ប្រធានគណ:កម្មការ​នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ បានចុះស្វែងយល់អំពីការអនុវត្តច្បាប់ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដោយបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោក តេង រតនា ប្រធានសាលាដំបូងខេត្ត និងលោក កូយ កាន់យ៉ា ព្រះអាជ្ញានៃអយ្យកាអមសាលាដំបូងខេត្ត។

ក្នុងដំណើរចុះស្វែងយល់នេះដែរ គឺធ្វើឡើងក្នុងគោលបំណងដើម្បីជួបពិភាក្សាកា​រងា​រពាក់ព័ន្ធ​ការអនុវត្តច្បាប់ និងបញ្ហាប្រឈមនានា ក្នុងចំណាត់ការរឿងក្តី របស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិសាត់។

អង្គប្រជុំសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិសាត់ ក៏បានលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរមួយចំនួន ជូនប្រតិភូគណ:កម្មការ រួមមាន៖
ទី១-សំណុំរឿងអត្រានុកូលដ្ឋាន កើនឡើងជាលំដាប់ ភាគច្រើនការខុសកើតចេញពីមន្ត្រីអត្រានុកូលដ្ឋាន សំណូមពរឱ្យមន្ត្រីអត្រានុកូលដ្ឋាន មានការយកចិត្តទុកដាក់ លើការងាររបស់ខ្លួនឡើងវិញ។
ទី២-ការបញ្ចូនដីកាមានការលំបាក ស្នើសុំឱ្យមានការវិសោធនកម្មមាត្រា២៤៦ នៃក្រមនីតិវិធីរដ្ឋប្បវេណី។
ទី៣-ខ្វះចៅក្រម ក្រឡាបញ្ជី អាជ្ញាសាលា ស្នើសុំឱ្យមានការបន្ថែមដើម្បីឱ្យមានតុល្យភាព ជាមួយសំណុំរឿងបច្ចុប្បន្ន។

ឯកឧត្តម អង្គ​ វង្សវឌ្ឍនា ប្រធានគណ:កម្មការ​នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានកោតសរសើរ ដល់កិច្ចសហការយ៉ាងល្អរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ជាមួយមន្ត្រីនគរបាលយុត្តធម៌ ជាពិសេសជាមួយឯកឧត្តមអភិបាលខេត្តពោធិសាត់។ ឯកឧត្តមប្រធានគណ:កម្មការក៏សំណូមពរឱ្យសាលាដំបូង​ និងអយ្យការខេត្តពោធិ៍សាត់ នៅតែបន្តការយកចិត្តទុកដាក់ ក្នុងការចាត់ការសំណុំរឿងក្តីនានាឲ្យបានឆាប់រហ័ស កុំឱ្យកកស្ទះ ដើម្បីផ្តល់ភាពយុត្តិធម៌ ជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា៕