រដ្ឋបាលរាជធានីភ្នំពេញ បើកយុទ្ធនាការធ្វើតេស្ដរកសារធាតុញៀនលើមន្ដ្រីចំនួន៥៤៧នាក់ លទ្ធផលអវិជ្ជមានទាំងអស់


(ភ្នំពេញ)៖ អនុវត្តតាមវិធានការដ៏ម៉ឺងម៉ាត់ និងមុតស្រួចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ពោលគឺបើរកឃើញមាន មន្ត្រីណា មានសារធាតុញៀនក្នុងខ្លួន នឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌ ដោយគ្មានការលើកលែងនោះ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ ក្រោមការណែនាំពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ចំណុះរដ្ឋបាលរាជធានី ត្រូវបានពិនិត្យទឹកនោម ដើម្បីស្វែងរកសារធាតុញៀន។

ការពិនិត្យទឹកនោមស្វែងរកសារធាតុញៀននេះ បានធ្វើឡើងនៅក្នុងបរិវេណសាលារាជធានីភ្នំពេញ ដោយពិនិត្យទាំងក្នុងជួរគណៈអភិបាល នាយករងរដ្ឋបាល អនុប្រធានការិយាល័យប្រជាពលរដ្ឋ នាយិកា-នាយិការងទីចាត់ការ-អង្គភាព ថ្នាក់ការិយាល័យ មន្ត្រីកិច្ចសន្យាផងដែរ។

មន្ត្រីបម្រើការងារនៅសាលារាជធានីភ្នំពេញ មានសរុបចំនួន៥៤៧រូប ហើយក្នុងចំនួននេះ ក្រោយការពិនិត្យ គឺមិនមានមន្ត្រីណាម្នាក់ មានសារជាតិញៀននៅក្នុងខ្លួនឡើយពោលគឺល្អ១០០%។

សូមរំលឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងមកនេះ បានចេញបទបញ្ជាមួយ ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ដោយតម្រូវឲ្យ៖

*១៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំ ចំពោះមន្ត្រី រាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

*២៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែងនិង បណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណា ដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

*៣៖ ការអនុវត្តទណ្ឌកម្មខាងវិន័យនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌ ដោយអនុលោម តាមច្បាប់ និងបទប្បញ្ញត្តិជាធរមានឡើយ៕