ឯកឧត្តមរដ្ឋមន្ត្រី​ ថោ ជេដ្ឋា​ អញ្ជើញជាអធិបតី​​ក្នុងពិធីអបអរសាទរទិវា​អន្តរជាតិនារី​ ៨មីនា​ ខួបទី១១៣ ​ ឆ្នាំ​២០២៤​ ក្រោមមូលបទ៖ ” ស្ត្រី​ និងក្មេងស្រី ក្នុងបរិវត្តកម្ម​ឌីជីថល ”


នៅទីស្តីការក្រសួង​ នា​ព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច​ ខែមាឃ​ ឆ្នាំ​ថោះ​ បញ្ចស័ក​ ពុទ្ធសករាជ​ ២៥៦៧​ ត្រូវ​នឹង​ថ្ងៃទី​៧​ ខែ​មីនា​ ឆ្នាំ​២០២៤​នេះ​ ឯកឧត្តម ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​​ក្រសួងធនធានទឹក និង​ឧតុនិយម ប្រធានគណៈកម្មាធិការ​ជាតិទន្លេមេគង្គកម្ពុជា​ និង​​ជាប្រធានអាជ្ញាធរទន្លេសាប​ ​​​បានអញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីអបអរសាទរទិវាអន្តរជាតិនារី​ ៨មីនា​ ខួបទី១១៣ ឆ្នាំ​២០២៤​ ក្រោមមូលបទ៖​ ស្ត្រី​ និង​ក្មេងស្រី ក្នុង​​បរិវត្តកម្មឌីជីថល។​
ឯកឧត្តម​រដ្ឋមន្ត្រី​មានប្រសាសន៍​លើកឡើងថា​ ទិវាអន្តរជាតិ ៨មីនា គឺជាព្រឹត្តិការណ៍ជាសកល ដែលបាន​ប្រកាស​ជាទិវារបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិស្ត្រី និងសន្តិភាព​ពិភពលោក​នាឆ្នាំ១៩៧៧។ ព្រះរាជា​ណាចក្រកម្ពុជាបានរៀបចំ​យុទ្ធនាការ​ទិវាអន្តរជាតិនារី ៨មីនា ជា​រៀង​រាល់ឆ្នាំ ដើម្បីរម្លឹក​ពីការតស៊ូ​ទាមទារ​សិទ្ធិស្មើគ្នា សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហា​ប្រឈម ការប្តេជ្ញាចិត្ត និងវិធានការ​ជា​វិជ្ជមាននានា នៅក្នុងការលើកកម្ពស់សមភាព​យេនឌ័រ និង​បង្កើន​ភាពអង់អាចដល់ស្ត្រី និងក្មេង​ស្រី​គ្រប់​រូប​។
ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា​ ​ការប្រារព្ធពិធីនា​ពេលនេះ​ក្នុង​​​គោលបំណងរំលេច​នូវសក្តានុពល​ និង​ភាព​ចាំ​បាច់​នៃការលើកកម្ពស់​ការ​ចូលរួម​​ និងភាព​ជា​តំណាងរបស់ស្ត្រី និងក្មេងស្រីក្នុងវិស័យឌីជីថល​ប្រកប​ដោយ​ប្រសិទ្ធភាព​ និងសុវត្ថិភាព ស្រប​តាម​​​​​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់​កាលទី១​ របស់រាជរដ្ឋាភិបាល​នីតិកាល​ទី៧​ នៃរដ្ឋសភា​​​ និង​ក្រប​ខណ្ឌ​គោលនយោបាយក្នុងការលើកកម្ពស់សមភាពយេនឌ័រ។
ទន្ទឹមនេះ​ ឯកឧត្តមរដ្ឋមន្ត្រីបន្តគូសបញ្ជាក់ឱ្យដឹង​ថា​​​ រាជរដ្ឋាភិបាលកម្ពុជា​នៅគ្រប់អាណត្តិ តែង​តែ​ផ្តល់​អាទិភាពខ្ពស់ដល់ស្ថានភាព​ស្ត្រីលើគ្រប់រូបភាព​ នយោបាយ​ វប្បធម៌​ និងការអភិវឌ្ឍសមត្ថភាព ដោយ​បាន​កំណត់យ៉ាង​ច្បាស់នៅក្នុងផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ និងផែនការសកម្មភាព រួម​ជាមួយ​យន្តការ​អនុវត្ត​ប្រកបដោយភាព​ប្រទាក់ក្រឡា​​ ដែលមាន​ក្រសួង​កិច្ចការនារី​ជាសេនាធិការដ៏រឹងមាំ។ ជាមួយគ្នានេះ​ដែរ​ រាជរដ្ឋាភិបាលអាណត្តិថ្មី ក្រោមការដឹកនាំ​របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា គោលជំហរនយោបាយនេះ​ នៅតែបន្តពង្រឹង​ និងអនុវត្ត។
ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍លើកឡើងថា​​ ស្របតាមគោល​ជំហរ​នយោបាយដ៏ច្បាស់លាស់​របស់​រាជរដ្ឋាភិបាលកម្ពុជា​ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​​តែងតែផ្តល់អាទិភាព និងការគិតគូរខ្ពស់​ដល់​ស្ត្រី ដែលមកទល់ពេល​បច្ចុប្បន្ននេះ​ ភាគរយនៃ​ស្រ្តីក្នុងចំណោម មន្ត្រី បុគ្គលិកសរុប​របស់​ក្រសួង​បាន​បន្ត​កើន​ឡើង ហើយថ្នាក់ដឹកនាំជាស្ត្រីក៏មានចំនួនកាន់តែច្រើននៅគ្រប់កម្រិតជំនាញ។
ជាចុងក្រោយ​ ​ឯកឧត្តមរដ្ឋមន្ត្រី​បាន​រំឭក និងស្នើ​ដល់ថ្នាក់ដឹកនាំក្រសួង ជាពិសេសគណៈ​កម្មការ​នារី​ប្រចាំក្រសួងធនធានទឹក និង​ឧតុនិយម​ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និង​អាជ្ញាធរទន្លេសាប​ បន្ត​អនុវត្ត​នូវកិច្ចការ​សំខាន់ៗមួយចំនួន​ ដើម្បីបន្តពង្រឹងការងារអាទិភាពចំពោះស្ត្រី ក្នុងក្របខណ្ឌការងារ​ទូទៅ​របស់ក្រសួង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា​ និងអាជ្ញាធរ​ទន្លេសាប​​​​​ គឺ​​៖​ ​ទី១)​បន្តការ​កំណត់​ឱ្យបានច្បាស់នូវបញ្ហាប្រឈម ឧបសគ្គនានាក្នុងការបំពេញការងារ បំពេញតួនាទីភារកិច្ចរបស់ស្ត្រី និង​លើក​វិធានការ​ ​​ដើម្បីដោះស្រាយ​ ទី២)​បន្តផ្តល់អាទិភាព និង​លើកទឹកចិត្ត​​ដល់​​ស្ត្រី​​ក្នុងការចូលរួមវគ្គ​បណ្តុះ​បណ្តាលនានា​ ជាពិសេស​វគ្គបណ្តុះបណ្តាលជំនាញឌីជីថល និង​ ​ទី៣)​បន្តកំណត់លក្ខណៈ​សម្បត្តិ​ស្ត្រី​ និង​លើកសំណើតែងតាំងស្ត្រី សម្រាប់មុខតំណែងដែលនៅទំនេរ​​និង​រៀបចំ​បែបបទ​ដំឡើង​ឋានន្តរស័ក្តិនិ​ង​ថ្នាក់ ​តាមអតីតភាពការងារ​​ និងតាមគោលការណ៍ច្បាប់​ជាធរមាន៕