ឯកឧត្តមរដ្ឋមន្ត្រី នេត្រ​ ភក្ត្រា បើកសិក្ខាសាលាស្តីពីថវិកាសមិទ្ធកម្ម ជូនមន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅខេត្តសៀមរាប


ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញបើកសិក្ខាសាលាស្តីពីថវិកាសមិទ្ធកម្ម ជូនដល់មន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចំណុះឱ្យក្រសួងព័ត៌មាន ប្រមាណ ១៥០នាក់ នៅខេត្តសៀមរាប។

នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា សិក្ខាសាលាស្តីពីថវិកាសមិទ្ធកម្ម គឺជាផ្នែកមួយដ៏សំខាន់ទាំង៤ ឬ ៣+១ នៃកំណែទម្រង់ដ៏ធំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងចំណោមនោះ គឺទៅលើការដ្ឋានកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា សិក្ខាសាលានេះ ក៏ដើម្បីជាគុណប្រយោជន៍ដ៏សំខាន់ និងជាធាតុចូល រួមទាំងជាចំណេះដឹងបន្ថែមសម្រាប់អគ្គនាយកដ្ឋានទាំងអស់ចំណុះក្រសួងព័ត៌មាន និងមន្ទីរព័ត៌មានរាជធានីខេត្តទាំង២៥ ក្នុងការរៀបចំផែនការកញ្ចប់ថវិកា និងការចំណាយផ្សេងៗ ប្រកបដោយតម្លាភាព និងសុក្រឹត្យភាព ឆ្លើយតបទៅនឹងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដើម្បីធានានូវប្រសិទ្ធភាព និងប្រសិទ្ធផល។

បន្ថែមពីលើនេះ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «កំណែទម្រង់ដ៏ធំទាំង៤នេះ ដែលផ្នែកមួយទៅលើការដ្ឋានកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ គឺដើម្បីពង្រឹងភាពជាម្ចាស់របស់ប្រទេសកម្ពុជា ហើយក៏ជាការត្រៀមលក្ខណៈសម្រាប់បោះជំហានទៅមុខ នៅក្នុងការដឹកនាំប្រទេសមួយដែលមានឥស្សរភាព មិនស្ថិតក្រោមការខ្ចីខ្យល់គេដកដង្ហើមនោះទេ និងក៏ដើម្បីឈានទៅប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០»

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈបានទទួលជោគជ័យ ក៏អាស្រ័យទៅលើកំណែទម្រង់រដ្ឋបាលសាធារណៈបានជោគជ័យផងដែរ។ មានន័យថា ការចំណាយថវិការបស់រាជរដ្ឋាភិបាលត្រូវចំគោលដៅ មានសមិទ្ធកម្មត្រឹមត្រូវ ដោយមិនចំណាយថវិកាទៅលើមន្ត្រីខ្មោច និងមន្ត្រី៣ប្រភេទទៀត គឺទី១៖ មន្ត្រីទ្រព្យ ទី២៖ មន្ត្រីបំណុល និងទី៣ មន្ត្រីជើងច្រើន ដោយក្នុងកំណែទម្រង់រដ្ឋបាលសាធារណៈ រាជរដ្ឋាភិបាលបានចាប់ផ្តើមកំណែទម្រង់ជើងច្រើនមុនគេ តាមរយៈការដាក់ចេញនូវវិធានការជ្រើសរើសរវាងមុខងារនយោបាយ និងមុខងារសាធារណៈ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ជាកិច្ចបន្តនោះ គឺការបន្សុតមន្ត្រីទ្រព្យឱ្យបានច្រើន និងលុបបំបាត់មន្ត្រីបំណុល ដែលការងារនេះនឹងជួយដល់រាជរដ្ឋាភិបាលក្នុងការចំណាយខុសទិសដៅ ព្រមទាំងជួយឱ្យការវិភាគថវិការបស់ក្រសួងស្ថាប័នប្រកបដោយស័ក្តសិទ្ធិភាព និងប្រសិទ្ធភាព ដោយការយកថវិកាទៅអនុវត្ត ហើយលទ្ធផលដែលទទួលបានត្រឹមត្រូវ និងដូចអ្វីដែលបានគិតឬទេ?។

ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ដែលចូលរួមសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ត្រូវខិតខំក្រេបយកចំណេះដឹងពីសិក្ខាសាលានេះដើម្បីចូលរួមជួយរាជរដ្ឋាភិបាលក្នុងការកែទម្រង់ហិរញ្ញវត្ថុសាធារណៈឱ្យបានជោគជ័យ៕