ឯកឧត្តម ហ៊ុន ម៉ានី៖ បើមិនមានចាស់ទុំ និងថ្នាក់ដឹកនាំជំនាន់មុន ដែលលះបង់ផ្ដល់ម្លប់នៃសុខសន្ដិភាពទេ យុវជនជំនាន់ក្រោយក៏មិនមានឱកាសដូចពេលនេះ


ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) តែងតែបង្ហាញនូវការយល់ឃើញ ក៏ដូចជាការដឹងគុណជានិច្ចដល់ចាស់ទុំ និងថ្នាក់ដឹកនាំជំនាន់មុខ ព្រោះឯកឧត្តមយល់ឃើញថា បើមិនមានចាស់ទុំ និងថ្នាក់ដឹកនាំជំនាន់មុនដែលបានលះបង់ផ្ដល់នូវម្លប់ នៃសុខសន្ដិភាពទេនោះ ម្ល៉េះយុវជនជំនាន់ក្រោយក៏មិនមានឱកាសអាចឈានមកដល់ដំណាក់កាលនេះដែរ។

ការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារ ស.ស.យ.ក. ក្នុងវិស័យមហាផ្ទៃ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ។ ក្នុងនោះក៏មានការចូលរួមពី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោក លោកស្រី គណៈអចិន្រៃ្តយ៍នៃគណៈកម្មាធិការកណ្ដាល ស.ស.យ.ក. និងសមាជិក សមាជិកា ប្រមាណ៣០០រូប ដែលពិធីនេះធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ។

ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់បែបនេះថា «ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមិនអាចភ្លេច លោកអ៊ំ ពូៗ មីង ជាអ្នកស្គាល់ផ្លូវមុន ហើយជាអ្នកដែលបានយកចិត្តទុកដាក់ អប់រំ ទូន្មាន តម្រង់ទិស និងណែនាំ យើងខ្ញុំជាអ្នកជំនាន់ក្រោយឡើយ។ បើទោះបី ឋានានុក្រម ជាការចាត់តាំងតាមរយៈច្បាប់ តែជាលក្ខណៈឯកជន បើសិនមិនមានចាស់ទុំ និងថ្នាក់ដឹកនាំជំនាន់មុន ដែលបានលះបង់ផ្តល់នូវម្លប់ នៃសុខសន្តិភាព និងផ្តល់ឲ្យយុវជនជំនាន់ក្រោយមានឱកាស នោះក៏មិនអាចឲ្យយើងឈានមកដល់ពេលនេះថ្ងៃនេះដែរ»។

ក្នុងឱកាសនោះ ឯកឧត្តមក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកជួបជុំអ្នកចូលរួមទាំងអស់នាឱកាសនោះ។ លោកបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការអនុវត្តការងារកន្លងមករបស់ក្រុមការងារ ស.ស.យ.ក. វិស័យមហាផ្ទៃ ជាពិសេសក្នុងការស្ម័គ្រចិត្តចូលរួមជាមួយ ស.ស.យ.ក. ដែលជំរុញឲ្យមានការលូតលាស់ទៅមុខជាបន្តបន្ទាប់ ក្នុងបុព្វហេតុលើកស្ទួយឧត្តមភាពជាតិ ដែលជាក់ស្តែង ស.ស.យ.ក. ក្នុងវិស័យមហាផ្ទៃបានរៀបចំការសម្តែងគុណល្បុក្កតោ តាមរយៈកម្មវិធីអង្គរសង្រ្កាន្ត និងបានចូលរួមលើកស្ទួយគុណល្បុក្កតោ រហូតដល់ត្រូវបានបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី ក៏លើកឡើងពីប្រវត្តិនៃការកកើត ស.ស.យ.ក. រលឹកគុណតម្លៃនៃស្មារតី ២ធ្នូ និងបានចែករំលែកទស្សនៈល្អៗពាក់ព័ន្ធនឹងការងារ ស.ស.យ.ក. ដោយលើកទឹកចិត្តឲ្យសមាជិក សមាជិកា ក្រុមការងារទាំងអស់ ឲ្យបន្តចូលរួមបំពេញបេសកម្ម ស.ស.យ.ក. តាមលទ្ធភាពរៀងៗខ្លួនទៅតាមចំណេះដឹង និងជំនាញដែលខ្លួនមាន និងសិក្សាស្វែងយល់ឲ្យបានច្បាស់ពីលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់ ស.ស.យ.ក. ដើម្បីចូលរួមក្នុងបុព្វហេតុសង្គមជាតិ។

គួរជម្រាបថា សមាសភាពក្រុមការងារ ស.ស.យ.ក. ក្នុងវិស័យមហាផ្ទៃ មានលោកអភិសន្ដិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាប្រធានកិត្តិយស និងលោក ខៀវ ភារិទ្ធ ជាប្រធាន អមដោយអនុប្រធាន ចំនួន៥រូប និងអនុប្រធានអចិន្ដ្រៃយ៍ ចំនួន១រូប ព្រមទាំងសមាជិកជាច្រើនរូបទៀត៕