ឯកឧត្តម ម៉ក់ រ៉ា និងឯកឧត្តម ខូយ រីដា ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៩ ឆ្នាំទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត


ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៩ ឆ្នាំទី៥ អាណត្តិទី៣របស់ខ្លួន នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្ត ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលខេត្ត ព្រមទាំងមានការចូលរួមពីលោក លោកស្រី ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលស្រុក ក្រុង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងប្រដាប់ អាវុធទាំង៣ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។

ក្នុងកិច្ចប្រជុំនេះ បានលើករបៀបវារៈ មួយចំនួនរួមមាន៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី៨ ឆ្នាំទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត, ២-ពិនិត្យ និងអនុមត័ សេចក្កីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត, ៣-របាយការណ៍គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត និង៤-បញ្ហាផ្សេងៗ។

ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែថា កិច្ចប្រជុំសាមញ្ញលើកទី៩ឆ្នាំទី៥ អាណត្តិទី៣ នេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ពិសេសវត្តមានរបស់ថ្នាក់ដឹកនាំ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ដើម្បីរួមគ្នាពិនិត្យលើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ និងពិនិត្យពិភាក្សា ព្រមទាំងការស្វែងរកនូវដំណោះស្រាយសមស្របណាមួយ ចំពោះបញ្ហាប្រឈមនានា ដែលបានកើតឡើងនៅមូលដ្ឋាន និងនៅតាមមន្ទីរអង្គភាពជុំវិញខេត្ត ដែលពាក់ព័ន្ធ និងការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅមូលដ្ឋាន។

ឯកឧត្តម ខូយ រីដា អភិបាលខេត្ត បានថ្លែងថា បញ្ហាប្រឈមសំខាន់ៗទៀត ដែលត្រូវបានលើកឡើងនៅក្នុងអង្គប្រជុំ គឺពាក់ព័ន្ធនឹងការអភិវឌ្ឍន៍មូលដ្ឋាន និងប្រើប្រាស់វិធានការសរុប មធ្យោបាយសរុប និងកម្លាំងសរុប ក្នុងការចុះប្រតិបត្តិការបង្ក្រាបទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងជលផល ក្នុងភូមិសាស្ត្រខេត្ត ក្រោមបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកខេត្តពោធិ៍សាត់ ធ្វើជាគម្រូក្នុងកាបង្ក្រាបបទល្មើសជាលក្ខណៈទ្រង់ទ្រាយធំ ទាំងតំបន់ព្រៃភ្នំ និងតំបន់បឹងទន្លេសាប។

ឯកឧត្តមក៏សូមឱ្យគ្រប់មន្ទីរអង្គភាព រដ្ឋបាលស្រុក ក្រុង និងវិស័យឯកជន សហការចូលរួមជាមួយរដ្ឋបាលខេត្ត ទៅតាមលទ្ធភាព ដើម្បីចូលរួមទប់ស្កាត់បទល្មើសធនធនធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ពិសេសស្រុកវាលវែង ឱ្យទទួលបានជោគជ័យ។

ឯកឧត្តមសូមស្នើដល់មន្ទីរអង្គភាពនានាជុំវិញខេត្ត បន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យបានល្អប្រសើរ និងចូលរួមសម្របសម្រួលតុបតែងលម្អសោភណ្ឌភាព បំពាក់ភ្លើងព័ណ៌ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ធ្វើយ៉ាងណាឱ្យកាន់តែមានភាពទាក់ទាញ ពីសំណាក់ភ្ញៀវជាតិ អន្តរជាតិ មកកំសាន្តកាន់តែច្រើន និងជាមុខជាមាត់របស់ខេត្តយើង។

នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត និងលោកប្រធានក្រុមប្រឹក្សាខេត្ត ក៏បានបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងធ្វើការងារ របស់មន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន និងកម្លាំងប្រដាប់អាវុធ និងស្ថាប័នពាក់ព័ន្ធ ដែលបានប្រើប្រាស់អស់កម្លាំងកាយចិត្ត ក្នុងការបម្រើផលប្រយោជន៍ ជូនបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរ។ នៅចំពោះមុខនេះ យើងមានកិច្ចការងារជាច្រើន ក្នុងការរៀបចំទទួលបដិសណ្ឋារកិច្ខ វត្តមានដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងពីធីបុណ្យព្រះបទុបចេតិយ ក្នុងវត្តមណីរតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ខាងមុខ៕